ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រារព្ធពិធីសូត្រមន្តបង្សុកូល មុនឱកាសចូលឆ្នាំថ្មី

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំង សមាជិកសមាជិការដ្ឋសភា បុត្រាបុត្រី ចៅប្រុសចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ប្រារព្ធពិធី សូត្រមន្ត បង្សុកូល នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
ពិធីបុណ្យបានប្រារព្ឋធ្វើឡើង តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជន មាតាបិតា ជីដូនជីតា ញាតិកា ទាំង៧សណ្តាន ជាពិសេសបុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មីឆ្នាំខាល ព្រះនាម កិរិណីទេវី សូមតាមជួយថែរក្សាសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិ ទូទាំងប្រទេស សូម ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលកុំបីឃ្លៀងឃ្លាតឡើយ៕