(បាងកក)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណះកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វេីការនៅប្រទេសថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមនឹងក្រុមនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ ក្នុងកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ។
ការសាកសួរសុខទុក្ខនេះ ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។លោកបណ្ឌិត អ៉ិត សំហេង លើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូប តាំងពីបុរាណកាលមក។ ពិធីប្រពៃណីនេះទៀតសោត បង្ហាញពីទឹកចិត្តស្រឡាញ់វប្បធម៌ ប្រពៃណីជាតិខ្មែរ ស្មារតីសាមគ្គីជាតិ ទោះជាខ្មែរទៅដល់ទីណា ក៏នៅតែស្នេហាជាតិខ្មែរ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត បានកោតសរសើរចំពោះ ឯកឧត្ដមឯកអគ្គរាជទូត និងសហការីដែលបានខិតខំបំពេញ ភារកិច្ចការទូតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជិតខាងល្អ កម្ពុជា-ថៃ ទាំងផ្នែក សេដ្ឋកិច្ច អប់រំ វិស័យការងារជាដើម ដែលបានផ្ដល់ឱកាសដល់និស្សិតកម្ពុជាបានសិក្សា និងក៏ជាឱកាសមួយទៀតសម្រាប់ពលករកម្ពុជា បានធ្វើការទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារបានមួយកម្រិតដែរ។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ប្រតិភូដែលបានធ្វើដំណើរមកកាន់ប្រទេសថៃ មានសមាសភាពមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ស្ថានទូត ដែលជាតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រួមនឹងក្រុមការងារ ដើម្បីបំពេញបេសកម្មផ្ដល់ភាពស្របច្បាប់ជូនបងប្អូនពលករកម្ពុជាយើងនៅប្រទេសថៃ ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ លើវិស័យការងារ ដោយចាប់ផ្តើមប្រតិបត្តិការផ្តល់ភាពស្របច្បាប់ជូនបងប្អូនពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់។
ការងារនេះ ជាភារកិច្ចបន្តពីប្រតិបត្តិការលើកមុន និងដោះស្រាយបញ្ហាប្រឈមនានា ដែលមានក្នុងបរិបទកូវីដ-១៩។ ភារកិច្ច របស់ក្រុមការងារផ្ដល់ភាពស្របច្បាប់លើកនេះ គឺបន្តសុពលភាពលិខិតធ្វើដំណើរ (TD) និងប័ណ្ណការងារនៅបរទេស (OCWC)ជូនពលករខ្មែរដែលផុតសុពលភាព។ ក្នុងបរិបទដែល កូវីដ-១៩រាលដាលខ្លាំងកន្លងទៅការបន្តសុពលភាពជួបការលំបាកដោយសារប្រទេសកម្ពុជា និងព្រះរាជាណាចក្រថៃ បានអនុវត្តនូវវិធានការសុខាភិបាលដ៏តឹងរ៉ឹង។
ដោយកិច្ចសហការល្អ រវាងប្រទេសទាំងពីរ ភាគីថៃ បានចេញប័ណ្ណពណ៌ស៊ីជម្ពូដែលអាចរស់នៅ និងធ្វើការស្របច្បាប់បាន ។
លោករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខលំបាករបស់បងប្អូនរួមជាតិខ្មែរ ក្នុងដំណាក់កាល កូវីដ-១៩ និងសូមកោតសរសើរដល់ស្ថានទូតដែលបានយកចិត្តទុកដាក់សហការល្អ ជាមួយខាងភាគីថៃ ដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនខ្មែរយើង ធ្វើអោយពលរដ្ឋដែលរស់នៅប្រទេសថៃបានទទួលសេវាសុខាភិបាល ដូចប្រជាជនថៃ និងជនបរទេសទាំងអស់ដែរ ក្នុងនោះភាគច្រើនក៏បានទទួលការចាក់វ៉ាក់សាំង ។
ខណៈរាជរដ្ឋាភិបាលកម្ពុជាបានគិតគូយ៉ាងខ្លាំងពីសុខទុក្ខនិងមានការព្រួយបារម្ភ ពីសុខុមាលភាពរបស់បងប្អូនពលករយើងនៅក្រៅប្រទេសជាប់ជាប្រចាំ។
លោកបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនពលករយើង មិនថានៅប្រទេសថៃ ឬនៅតាមបណ្តាប្រទេសផ្សេងឡើយ សូមថែរក្សាសុខភាព អនុវត្តតាមវិធានការសុខាភិបាល អោយបានខ្ជាប់ខ្ជួន មានសាមគ្គីភាពល្អ ចេះជួយយកអាសារគ្នាទៅវិញទៅមក គោរពច្បាប់ ម្ចាស់ប្រទេស ចៀសវាងប្រព្រឹត្តិខុសច្បាប់ នាំឲ្យមានទោសដល់ខ្លួន។
លោកបណ្ឌិត អ៉ិត សំហេង បានបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហារប្រសើរជូនដល់ បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើង សមប្រកបតែសេចក្តីសុខ និងចម្រុងចម្រើន ព្រមទាំងបានអញ្ជើញចូលរាំលេងកម្សាន្តសប្បាយជាមួយបងប្អូននៅក្នុងកម្មវិធីនេះយ៉ាងសប្បាយរីករាយផងដែរ៕