កំពត៖ នៅថ្ងៃអង្គារទី០២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ កាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនេះ ជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀល/ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបជាង១៣,០០០គ្រួសារ។
ដូចនេះវត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត កើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសក៏ជាការទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀតនៅទីក្រុងឆ្នេរសមុទ្រមួយនេះផងដែរ៕