ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ទីរបច្ចកោណ៖ រុស្ស៊ីបានបន្ថែមកម្លាំងយោធារបស់ខ្លួន ដើម្បីធ្វើសង្រ្គាមនៅតំបន់ដូនបាស់ភាគខាងកើតអ៊ុយក្រែន

អន្តរជាតិ៖ អ្នកនំាពាក្យមន្ទីរបច្ចកោណ លោក ចន ឃឺប៊ី បាននិយាយថា រុស្ស៊ីបានបន្ថែមកម្លាំងយោធារបស់ខ្លួន រួមទាំងកាំភ្លើងធំ និងកម្លាំងប្រយុទ្ធថ្មើរជើង ហើយនិងសមត្ថភាពផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីធ្វើសង្រ្គាមនៅតំបន់ដូនបាស់ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះ ។
លោក ឃឺប៊ី និយាយថា ពួកយើងបានមើលឃើញរុស្ស៊ី បន្តបញ្ជូនកម្លាំង ដែលនឹងជួយពួកគេប្រយុទ្ធរុលទៅមុខ នៅតំបន់ដូនបាស់ ដែលកម្លាំងបន្ថែមនោះ រួមមានទាំងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រជាដើម ។
គួរឲ្យដឹងថា តំបន់ដូនបាស់ គឺជាដែនដីឧស្សាហកម្មនិយាយភាសារុស្ស៊ី ស្ថិតនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងជាកន្លែងដែលក្រុមផ្តាច់ខ្លួនគាំទ្រដោយទីក្រុងម៉ូស្គូ ធ្វើសង្រ្គាមជាមួយកងកម្លាំងអ៊ុយក្រែន អស់រយៈពេល ៨ឆ្នាំមកហើយ ហើយនិងបានប្រកាសជាសាធារណរដ្ឋឯករាជ្យចំនួន២ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី ។
ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ វិមានក្រឹមឡាំង បានប្រកាសដណ្តើមគ្រប់គ្រងតំបន់ដូនបាស់ ដែលជាគោលដៅសំខាន់របស់ពួកគេនៅក្នុងការធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ក្រោយពីការប៉ុនប៉ង ដណ្តើមយកទីក្រុងគីវ មិនបានសម្រេចរួចមកនោះ ។
បន្ទាប់ពីការដកទ័ពចេញពីរដ្ឋធានីគីវ របស់អ៊ុយក្រែន ពួកគេចាប់ផ្តើមប្រមូលកម្លាំងឡើងវិញ នៅតំបន់ភាគខាងកើត ដើម្បីធ្វើសង្រ្គាមដណ្តើមទីនោះ ។
លោក ឃឺប៊ី និយាយថា ជំនួយសន្តិសុខសហរដ្ឋអាមេរិកតម្លៃ ៨០០លានដុល្លារ ដែលប្រគល់ឲ្យប្រទេសកំពុងជាប់សង្រ្គាមមួយនេះ ទាហានអ៊ុយក្រែន នឹងត្រូវបង្វឹកឲ្យចេះប្រើប្រាស់កាំភ្លើងធំ Howitzer សហរដ្ឋអាមេរិក ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេ ក្នុងសមរភូមិប្រយុទ្ធ ។
លោកបន្តថា ការបង្វឹកនេះទាហានអ៊ុយក្រែន នឹងធ្វើឡើងនៅក្រៅទឹកដីអ៊ុយក្រែន ។ ទាហានមួយចំនួនតូចប៉ុណ្ណោះ នឹងទទួលបានការហ្វឹកហាត់ពីរបៀបប្រើប្រាស់កាំភ្លើង Howitzer ហើយបន្ទាប់មកពួកគេនឹងវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ដើម្បីបង្វឹកសហការីរបស់ពួកគេ ៕