បរទេស៖កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីមួយរូបរបស់អ៊ុយក្រែនបាននិយាយថា ការលុកលុយរបស់រុស្ស៊ីបានបង្កការខូចខាត ឬបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនប្រហែល ៣០ភាគរយ ដែលស្មើទឹកប្រាក់ប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក ហើយការសាងសង់ឡើងវិញ អាចរួចរាល់ក្នុងរយៈពេល២ឆ្នាំ ដោយប្រើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ។
អ៊ុយក្រែនមិនធ្លាប់បានបញ្ជាក់ពីផលប៉ះពាល់ជាក់លាក់ស្ដីពីហេដ្ឋារចនាសម្ព័ន្ធនោះទេ ដូចជាផ្លូវថ្នល់ និងស្ពានជាដើម ទោះបីជាក្រុមមន្ត្រីនិយាយថា ថវិកាសរុបសម្រាប់ការខូចខាត លើអ្វីៗគ្រប់បែបយ៉ាង ចាប់ពីការដឹកជញ្ជូន ដល់លំនៅឋាន និងអគារផ្សេងទៀតនឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារអាមេរិក។
លោក Oleksander Kubrakov គឺជារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រ ថា ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់យើង ទទួលរងការខូចខាតដូចគ្នាទាំងអស់។
លោកបន្តថា ស្ពានជាង ៣០០ កន្លែង នៅតាមផ្លូវជាតិនានា ត្រូវបានខូចខាត ឬ រងការបំផ្លិចបំផ្លាញ ផ្លូវចម្ងាយជាង ៨ពាន់គ.ម ត្រូវការជួសជុលជាចាំបាច់ ឬកសាងឡើងវិញ និងស្ពានសម្រាប់ផ្លូវរថភ្លើងរាប់សិបកន្លែង ត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការបំផ្ទុះគ្រាប់បែក។
ខណៈពេលនោះដែរ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដ៏ធំលើគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែន ជាអ្វីដែលទំនងជា ត្រូវបានបង្កើនការវាយប្រហារដើម្បីកម្ទេចខ្សែត្រៀមការពារជួរមុខរបស់ប្រទេសនេះ។
មនុស្ស៧នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់រុស្ស៊ី លើទីក្រុង Lviv កាលពីថ្ងៃចន្ទ ដែលត្រូវបានបង្កការឆាបឆេះផងដែរនៅក្នុងទីក្រុងភាគខាងលិចមួយនេះរបស់ប្រទេសអ៊ុយក្រែនដែលតែងតែរួចផុតពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្នុងអំឡុងពេលជិតពីរខែនៃសង្រ្គាម ហើយបានក្លាយជាជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងអ៊ុយក្រែន ។
ទីក្រុង Lviv បានក្លាយជាផ្លូវដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់អាវុធ របស់សម្ព័ន្ធមិត្តយោធាអង្គការអូតង់ និងក្រុមអ្នកប្រយុទ្ធបរទេសចូលរួមជាមួយកងកម្លាំងអ៊ុយក្រែននៅក្នុងសង្គ្រាមទប់ទល់ប្រទេសរុស្ស៊ី ។
លោក Maksym Kozytskyy គឺជាអភិបាលតំបន់ Lvivបាននិយាយនៅលើបណ្ដាញសង្គមថា មីស៊ីលរបស់រុស្ស៊ី បានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន និងកន្លែងជួសជុលរថយន្ត។
ទាហានរុស្ស៊ីបាននិយាយថា ខ្លួនបានកម្ទេចឃ្លាំងស្តុកអាវុធបរទេសដ៏ធំមួយ ដែលទើបបានបញ្ជូនទៅកាន់អ៊ុយក្រែននាពេលថ្មីៗនេះ ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky បាននិយាយថា រុស្ស៊ីបានចាប់ផ្ដើមការវាយប្រហារដ៏ធំជាថ្មីដែលបានរង់ចាំឱកាសជាយូរមកនេះនៅក្នុងតំបន់ព្រំដែន Donbas ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានបង្កើនការវាយប្រហារនៅតាមខ្សែត្រៀមជួរមុខ ។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកាពេលយប់ជ្រៅចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃច័ន្ទថា រុស្ស៊ី បានផ្ដោតសំខាន់លើការប្រមូលកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់នេះ ហើយលោកបានប្ដេជ្ញាថា អ៊ុយក្រែន នឹងការពារខ្លួនឲ្យបាន ទោះបីជារុស្ស៊ីបញ្ជូនកងទ័ពទៅកាន់តំបន់នោះច្រើនប៉ុណ្ណាក៏ដោយ ។
លោកបន្តថា យើងនឹងប្រយុទ្ធដល់ទីបញ្ចប់ ហើយពួកយើងនឹងមិនបោះបង់ចោលអ្វីដែលជារបស់អ៊ុយក្រែនជាដាច់ខាត ។
គួរឲ្យដឹងថា រុស្ស៊ីបានដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់មួយចំនួននៅភាគកណ្ដាលប្រទេសអ៊ុយក្រែន កាលពីចុងខែមីនាកន្លងទៅ បន្ទាប់ពីវាយយករដ្ឋធានី Kyivមិនបានសម្រេច និងនិយាយថាខ្លួននឹងផ្ដោតជាថ្មីលើតំបន់ Donbas ជាទីដែលរុស្ស៊ីបានអះអាងថា ខ្លួនកំពុងការពារពលរដ្ឋដែលនិយាយភាសារុស្ស៊ីនៅក្នុងជម្លោះរយៈពេល៨ឆ្នាំ របស់ក្រុមផ្ដាច់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ។
ទន្ទឹមនឹងពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ(U.N) លោក António Guterres បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យជំនួយសង្រ្គោះជីវិតមនុស្សចូលទៅដល់ ព្រមទាំងទុកពេលសម្រាប់ការជម្លៀសមនុស្សចេញផងដែរ ។
ការអំពាវនាវរបស់លោកបានកើតមានឡើងក្រោយការវាយប្រហារលើទីក្រុងនានាទូទាំងប្រទសអ៊យក្រែន ភាគច្រើនការវាយប្រហារថ្មីៗលើទីក្រុង Lviv, Dnipro, Kharkiv និង ទីក្រុង Mykolaiv ដែលបណ្ដាលឲ្យជនស៊ីវិលជាច្រើនរងគ្រោះ និង ទ្រព្យសម្បត្តិរងការខូចខាត។
អ្នកនាំពាក្យអគ្គលេខាធិការ U.N លោក Stéphane Dujarricបាននិយាយនៅបុរីញូវយ៉កថា លោក Guterres ក៏បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងបំផុតផងដែរ អំពីការអំពាវនាវដែលនៅតែបន្តអំពីស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងកំពង់ផែរងការឡោមព័ទ្ធ Mariupol។
លោក Dujarricបាននិយាយថា លោក Guterres បានជំរុញគ្រប់ភាគីទាំងអស់ ឲ្យអនុម័តបទឈប់បាញ់មនុស្សធម៌ភ្លាមៗនិងជាបន្ទាន់ដែលនឹងអាចរក្សាសុវត្ថិភាពនិងធានាបាននូវមុខងារចក្ររបៀងមនុស្សធម៌ ដើម្បីជួយជម្លៀសជនស៊ីវិល និងដឹកជញ្ជួនជំនួយមនុស្សធម៌ជួយសង្រ្គោះអាយុជីវិតនិងផ្ដល់ជំនួយជាឱសថ ដល់ពលរដ្ឋឲ្យបានគ្រប់គ្រាន់៕