ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផែង វណ្ណៈ ត្រូវបានចាប់ខ្លួនតាម​បណ្តឹង​របស់លោក ​គី​ តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន​

​លោក​មេធាវី គី តិច បាន​ភ្ជាប់​ភស្តុតាង ចំនួន ១៤ ទំព័រ ជូន​តុលាការ អម​នឹង​បណ្តឹង​ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ លោក​ផែង​វណ្ណៈ ត្រូវបាន​ប៉េអឹម ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្នុង​បណ្តឹង ៣ ទំព័រ លោក​មេធាវី គី តិច បាន​លើកឡើងថា «​តាមរយៈ​ភស្តុតាង ដែល​ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ បានដាក់​ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង ជូន​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ និង​តាមរយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា Pheng Vannak News របស់​ឈ្មោះ ផែង វណ្ណៈ បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិត​ជាមាន​ចេតនា​ទុច្ចរិត ប្រើប្រាស់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​របស់ខ្លួន ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ ទៅដល់​សាធារណជន​ទូទៅ ក្នុង​គោលបំណង បរិហារកេរ្តិ៍​ជា​សាធារណៈ លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែលជា​អំពើ​ផ្ទុយ​នឹង​បញ្ញា​ត្តិ​មាត្រា ៣០៥ និង​បញ្ញត្តិ​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​»​។​

​លោក​មេធាវី គី តិច បានបញ្ជាក់​ជូន​លោក​ព្រះរាជអាជ្ញា ជ្រាបថា «​ឈ្មោះ ផែង វណ្ណៈ បានធ្វើ​សំណេរ​ផ្សព្វផ្សាយ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា “​គំនិត​គួរ​ពិចារណា​!!!!

១-​លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News តំណាង​ឲ្យ​ម្ចាស់​រថយន្ត​លេខ 2AF-7777 យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​និស្សិត ឌុំ រី​ដា ត្រូវ​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ បញ្ជាក់​៖ ម្ចាស់​រថយន្ត 2AF-7777 គឺ​ឈ្មោះ យក ង៉ិ​ច លោក យិន ង៉ិ​ច មិនមែនជា​ជនបង្ក​ទេ កូន​ទេ​ដែល​បង្ក ត្រូវ​ចែកគ្នា​ឲ្យ​ដាច់​រវាង​ម្ចាស់​រថយន្ត និង​ជនបង្ក​។

២-​លោក លឹម ជា​វុត្ថា អគ្គនាយក អង្គភាព Fresh News តំណាង​ឲ្យ​ថ្នាក់ដឹកនាំ យក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ​ចេតិយ ម្តេច​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​? ខុសគ្នា​ដូចម្តេចខ្លះ បើ​កាន់​លុយ ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូចគ្នា​?»​។​

​លោក​មេធាវី គី តិច បញ្ជាក់ថា «​សំណេរ​នេះ បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និង​ចេតនា​ទុច្ចរិត​ពិតប្រាកដ ធ្វើការ​ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​»​។​

​លោក​មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា «​សំណេរ​នេះ ឈ្មោះ ផែង វណ្ណៈ ក៏​ម​បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​ទំព័រ ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្នុង​បំណង​ឲ្យ​សាធារណជន មានការ​ភាន់ច្រឡំ ជឿជាក់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​ថ្នាក់ដឹកនាំ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៏​ជា​ចេតនា​ទុច្ចរិត ដែលមាន​ចរិត​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ជាក់ស្តែង សាធារណជន ដែលជា Friends បាន​បញ្ចេញ​ជា​ទស្សនៈ​យោបល់ Comments ជាច្រើន ដោយមាន​ការភាន់ច្រឡំ និង​សំដៅ​ទៅលើ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា​ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​»​។​

​ដោយ​ភ្ជាប់​ជូន​ភស្តុតាង ចំនួន ១៤ ទំព័រ សម្រាប់​ប​ដាក់ជូន​ភ្ជាប់​ជាមួយ​បណ្តឹង​នេះ ដើម្បី​បញ្ជាក់​ជា​ភស្តុតាង​ផង និង​សម្រាប់​ជា​មូលដ្ឋាន ក្នុងការ​ពិនិត្យ និង​សម្រេច លោក​មេធាវី គី តិច បាន​សុំ​ប្តឹង និង​ធ្វើ​សំណូមពរ ចំពោះ​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដូចខាងក្រោម​៖

-​សុំ​ឲ្យ​ធ្វើការ​ពិនិត្យ សម្រេច ចោទប្រកាន់ និង​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត លើ​ឈ្មោះ ផែង វណ្ណៈ តាម​បញ្ញត្តិ​មាត្រា ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

-​សុំ​ឲ្យ​ធ្វើការ​ពិនិត្យ សម្រេច ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បី​ទប់ស្កាត់ ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់ ដែល​អាច​នាំ​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ ផែង វណ្ណៈ ចូល​បង្ហាញខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​សាកសួរ ពាក់ព័ន្ធ​ករណី ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាមរយៈ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។ ដីកា​នេះ ត្រូវបាន​តុលាការ​ចេញ ក្រោយ​ទទួល​បណ្តឹង​របស់​អង្គភាព​សារព័ត៌មាន Fresh News។

ដោយឡែក លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​​យុវជន​កម្ពុជា និង​ជាសមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់អង្គភាព​ប្រឆាំងអំពើពុករលួយ ប្តឹង​លោកផែងវណ្ណៈ ពាក់ព័ន្ធនឹង​ករណីតំណាងឲ្យ​ក្រុម​គ្រួសារ​​ជនល្មើស បើកឡានបុកមនុស្សស្លាប់ យកលុយ ៥០០០ដុល្លារ ទៅចូលបុណ្យសព​ជនរងគ្រោះ​។ នៅថ្ងៃទី០២ ខែ​មេសា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការសាកសួរ​លោក ពេជ្រ ស្រស់ ជុំវិញបណ្តឹងនេះ៕