ភ្នំពេញ៖ លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរចម្លើយ ផែង វណ្ណៈ នៅរសៀលថ្ងៃទី០២ ខែមេសានេះ។
លោក លី សុផាណា បានបញ្ជាក់ប្រាប់អ្នកកាសែតថា «ជនជាប់សង្ស័យ បានបញ្ជូនដល់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ហើយនឹងត្រូវសាកសួរចម្លើយនារសៀលនេះ»។
សូមរម្លឹកថា កាលពីម៉ោង ២ និង ២០នាទី រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនលោក ផែង វណ្ណៈ ម្ចាស់ហ្វេសប៊ុក Pheng Vannak News មកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ ។ លោក ផែង វណ្ណៈ ត្រូវបានឃាត់ខ្លួននៅផ្ទះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។
សូមរម្លឹកថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឈ្មោះ ផែង វណ្ណៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈលើសម្តេច ហ៊ុន សែន និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បណ្តឹងនោះ បានធ្វើឡើងដោយសារការសរសេរលើហ្វេសប៊ុករបស់ផែងវណ្ណៈ ដែលបានប្រៀបធៀបការយកលុយទៅចូលបុណ្យសពរវាងលោក និងនាយក Fresh News។
លោកមេធាវី គី តិច បានភ្ជាប់ភស្តុតាង ចំនួន ១៤ ទំព័រ ជូនតុលាការ អមនឹងបណ្តឹងចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
ក្នុងបណ្តឹង ៣ ទំព័រ លោកមេធាវី គី តិច បានលើកឡើងថា «តាមរយៈភស្តុតាង ដែលក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានដាក់ភ្ជាប់ជាមួយពាក្យបណ្តឹង ជូនអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ និងតាមរយៈ ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Pheng Vannak News របស់ឈ្មោះ ផែង វណ្ណៈ បានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានចេតនាទុច្ចរិត ប្រើប្រាស់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍របស់ខ្លួន ធ្វើការផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ ទៅដល់សាធារណជនទូទៅ ក្នុងគោលបំណង បរិហារកេរ្តិ៍ជាសាធារណៈ លើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹងបញ្ញាត្តិមាត្រា ៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
លោកមេធាវី គី តិច បានបញ្ជាក់ជូនលោកព្រះរាជអាជ្ញា ជ្រាបថា «ឈ្មោះ ផែង វណ្ណៈ បានធ្វើសំណេរផ្សព្វផ្សាយ តាមទំព័រហ្វេសប៊ុក របស់ខ្លួនថា “គំនិតគួរពិចារណា!!!! ១-លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ និងជានិពន្ធនាយក គេហទំព័រ Pheng Vannak News តំណាងឲ្យម្ចាស់រថយន្តលេខ 2AF-7777 យកថវិកាចំនួន ៥០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ឌុំ រីដា ត្រូវលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បញ្ជាក់៖ ម្ចាស់រថយន្ត 2AF-7777 គឺឈ្មោះ យក ង៉ិច លោក យិន ង៉ិច មិនមែនជាជនបង្កទេ កូនទេដែលបង្ក ត្រូវចែកគ្នាឲ្យដាច់រវាងម្ចាស់រថយន្ត និងជនបង្ក។ ២-លោក លឹម ជាវុត្ថា អគ្គនាយក អង្គភាព Fresh News តំណាងឲ្យថ្នាក់ដឹកនាំ យកថវិកា ចំនួន ៥០០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើចេតិយ ម្តេចលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ? ខុសគ្នាដូចម្តេចខ្លះ បើកាន់លុយ ជាតំណាងទៅចូលបុណ្យដូចគ្នា?»។
លោកមេធាវី គី តិច បញ្ជាក់ថា «សំណេរនេះ បានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និងចេតនាទុច្ចរិតពិតប្រាកដ ធ្វើការប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុស ទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី»។
លោកមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា «សំណេរនេះ ឈ្មោះ ផែង វណ្ណៈ ក៏មបានធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមទំព័រ ហ្វេសប៊ុករបស់ខ្លួន ក្នុងបំណងឲ្យសាធារណជន មានការភាន់ច្រឡំ ជឿជាក់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងក៏ជាចេតនាទុច្ចរិត ដែលមានចរិតញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ជាក់ស្តែង សាធារណជន ដែលជា Friends បានបញ្ចេញជាទស្សនៈយោបល់ Comments ជាច្រើន ដោយមានការភាន់ច្រឡំ និងសំដៅទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី»។
ដោយភ្ជាប់ជូនភស្តុតាង ចំនួន ១៤ ទំព័រ សម្រាប់បដាក់ជូនភ្ជាប់ជាមួយបណ្តឹងនេះ ដើម្បីបញ្ជាក់ជាភស្តុតាងផង និងសម្រាប់ជាមូលដ្ឋាន ក្នុងការពិនិត្យ និងសម្រេច លោកមេធាវី គី តិច បានសុំប្តឹង និងធ្វើសំណូមពរ ចំពោះលោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដូចខាងក្រោម៖
-សុំឲ្យធ្វើការពិនិត្យ សម្រេច ចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត លើឈ្មោះ ផែង វណ្ណៈ តាមបញ្ញត្តិមាត្រា ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
-សុំឲ្យធ្វើការពិនិត្យ សម្រេច ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បីទប់ស្កាត់ ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ផែង វណ្ណៈ ចូលបង្ហាញខ្លួន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរ ពាក់ព័ន្ធករណី ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ដីកានេះ ត្រូវបានតុលាការចេញ ក្រោយទទួលបណ្តឹងរបស់អង្គភាពសារព័ត៌មាន Fresh News។
ដោយឡែក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ប្តឹងលោកផែងវណ្ណៈ ពាក់ព័ន្ធនឹងករណីតំណាងឲ្យក្រុមគ្រួសារជនល្មើស បើកឡានបុកមនុស្សស្លាប់ យកលុយ ៥០០០ដុល្លារ ទៅចូលបុណ្យសពជនរងគ្រោះ។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការសាកសួរលោក ពេជ្រ ស្រស់ ជុំវិញបណ្តឹងនេះ៕