ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ខាន់ សុវណ្ណ ដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងទារសំណងជំងឺចំនួន១លានដុល្លារពីលោក ផែង វណ្ណៈ

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ លោក​​​ ខាន់​​​ សុវណ្ណ បានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញហើយ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទជេរប្រមាថ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។

យោងតាមពាក្យបណ្តឹង ដែលទើបតែទទួលបាននៅរសៀលនេះ បានឲ្យដឹងថា លោក ខាន់ សុវណ្ណ បានសុំតុលាការផ្តន្ទាទោស និងទារសំណងជំងឺជាទឹកប្រាក់ចំនួន១លានដុល្លារពីលោក ផែង វណ្ណៈ។ នៅរសៀលថ្ងៃនេះដែរ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនលោក ផែង វណ្ណៈ ដល់តុលាការក្រុងភ្នំពេញ ដើម្បីប្រឈមមុខនឹងការសាកសួរបន្ថែមពីលោកព្រះរាជអាជ្ញា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។

បណ្ដឹងរបស់លោក ខាន់ សុវណ្ណ ប្រឆាំងលោក ផែង វណ្ណៈ គឺបណ្តឹងទី៣ ដែលលេចឡើងនៅក្នុងសប្តាហ៍មុន បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​ បានដាក់បណ្តឹងចូលអង្គភាពប្រឆាំងអពើពុករលួយ ដោយប្តឹងពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ តាមរយៈសកម្មភាពចេញមុខធ្វើជាតំណាងគ្រួសារ លោក យិន​​​ ង៉ិច​​​ រួចយកប្រាក់ចំនួន៥០០០ដុល្លារទៅចូលបណ្យនិស្សិតស្រីឈ្មោះ ឌុំ រីដា។

មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញ ប្តឹងលោក ផែង វណ្ណៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន២សែនដុល្លារ។

លោក ផែង វណ្ណៈ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ ពីលំនៅដ្ឋានរបស់លោក នាក្រុងតាខ្មៅ ខេត្តកណ្ដាល តាមដីបង្កាប់របស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ឈ្មោះ ផែង វណ្ណៈ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច ហ៊ុន សែន និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ តាមរយៈសំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ ​ផែង ​វណ្ណៈ ដែល​បាន​ប្រៀបធៀប​ការយក​លុយ​ទៅ​ចូល​បុណ្យសព​រវាង​លោក និង​នាយក Fresh News​។​

លោក​មេធាវី គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងនៅក្នុងពាក្យបណ្តឹង ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ថា «​តាមរយៈ​ភស្តុតាង ដែល​ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ បានដាក់​ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង ជូន​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ និង​តាមរយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា Pheng Vannak News របស់​ឈ្មោះ ផែង វណ្ណៈ បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិត​ជាមាន​ចេតនា​ទុច្ចរិត ប្រើប្រាស់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​របស់ខ្លួន ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ ទៅដល់​សាធារណជន​ទូទៅ ក្នុង​គោលបំណង បរិហារកេរ្តិ៍​ជា​សាធារណៈ លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែលជា​អំពើ​ផ្ទុយ​នឹង​បញ្ញា​ត្តិ​មាត្រា៣០៥ និង​បញ្ញត្តិ​មាត្រា៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​»​៕