អាមេរិក៖ យោងតាមការលើកឡើងរបស់ប្រធានធនាគារពិភពលោក(World Bank) លោក David Malpass បានឲ្យដឹងថា ពិភពលោក នឹងប្រឈមគ្រោះមហន្តរាយរបស់មនុស្សដោយសារវិបត្តិស្បៀងអាហារ កើតឡើងពីការវាយលុករបស់រុស្ស៊ី មកលើអ៊ុយក្រែន ។
នៅក្នុងបទសម្ភាសន៍ជាមួយ BBCលោក Malpass ដែលដឹកនាំស្ថាប័នទទួលបន្ទុកសម្រាលទុរ្ភិក្សសកល បានធ្វើការព្រមានថា ការហក់ឡើងខ្ពស់បំផុតតម្លៃស្បៀងអាហារ នឹងជំរុញឲ្យមនុស្សរាប់រយលាននាក់ ធ្លាក់ក្នុងទុរ្ភិក្ស និងអាហារូបត្ថម្ភទាប បើសិនជាវិបត្តិមួយនេះនៅតែបន្ត ។
លោកបាននិយាយនៅក្រៅជំនួបរវាងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និង World Bankនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិកថា វាគឺជាគ្រោះមហន្តរាយរបស់មនុស្ស មានន័យថា អាហារូបត្ថម្ភ នឹងធ្លាក់ចុះ ប៉ុន្តែក្រោយមកវានឹងក្លាយជាការប្រឈមនយោបាយផងដែសម្រាប់រដ្ឋាភិបាលដែលមិនអាចធ្វើអ្វីបានសោះ ពួកគេមិនបានបង្កវានោះទេ តែបែរជាពួកគេមើលឃើញតម្លៃហក់ឡើងខ្ពស់ ។
World Bank គណនាឃើញថាអាចនឹងមានកំណើនដ៏ធំ ៣៧ភាគរយលើតម្លៃស្បៀងអាហារ ដែលវាជាបញ្ហាធំសម្រាប់ប្រទេសក្រីក្រ ដែលនឹងត្រូវទទួលទានតិចជាងមុន ហើយនិងមានលុយកាន់តែតិចតួចសម្រាប់ចំណាយលើអ្វីផ្សេង ដូចជាថ្លៃសាលារៀនជាដើម ។ វានឹងធ្វើឲ្យប៉ះពាល់ខ្លាំងបំផុតដល់ប្រទេសក្រីក្របំផុត ។
លោក Malpass បន្តទៀតថា មាននូវស្បៀងអាហារគ្រប់គ្រាន់ដើម្បីឲ្យពិភពលោកចិញ្ចឹមអ្នករាល់គ្នា ហើយស្តុកពិភពលោកមានច្រើនតាមស្តង់ដាប្រវត្តិសាស្រ្ត ប៉ុន្តែវាត្រូវការចែករំលែក ឬដំណើរការលក់ស្បៀងអាហារដល់កន្លែងដែលត្រូវការ ។ លោកជំរុញផងដែរឲ្យប្រទេសនៅលើពិភពលោក បង្កើនផលិតភាពរបស់ខ្លួន ដើម្បីកាត់បន្ថយតម្លៃ ។
លោកនិយាយថា ការផ្តោតសំខាន់ ត្រូវការលើការបង្កើនការផ្គត់ផ្គង់ជី និងស្បៀងអាហារ នៅទូទាំងពិភពលោក ជាមួយនឹងជំនួយគោលដៅសម្រាប់ប្រជាពលរដ្ឋក្រីក្របំផុត ។
ប្រធានធនាគារពិភពលោករូបនេះ បានព្រមានផងដែរពីផលវិបាកលើវិបត្តិជាន់វិបត្តិ កើតឡើងពីអសមត្ថភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការបម្រើបំណុងរាតត្បាតដ៏ធំរបស់ពួកគេ ស្របពេលតម្លៃស្បៀងអាហារ និងថាមពល ហក់ឡើងខ្ពស់ ៕