អន្តរជាតិ៖ មនុស្សរាប់ម៉ឺននាក់ នៅទូទាំងប្រទេសស្រីលង្កា បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅថ្ងៃពុធនេះ រយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមនគរបាល បាញ់ប្រហារមកលើក្រុមបាតុករ ដោយបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ជាហេតុធ្វើឲ្យឆាបឆេះបាតុកម្មទ្រង់ទ្រាយធំ ស្របពេលជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅស្រីលង្កា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ក្រុមបាតុករ ប្រើប្រាស់រថយន្ត បិទផ្លូវសំខាន់ៗនៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស ខណៈពួកគេ តវ៉ាប្រឆាំងនឹងការបាញ់ប្រហារ ក៏ដូចជាការឡើងថ្លៃប្រេង ហើយនិងការខកខានរដ្ឋាភិបាល ដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ។
ការបាញ់ប្រហារនេះដែរគឺជាការបាញ់ប្រហារលើកដំបូងដោយកងកម្លាំងសន្តិសុខស្រីលង្កាអំឡុងបាតុកម្មរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។
ការបាញ់ប្រហារ បានកើតឡើងកាលពីថ្ងៃអង្គារ នៅស្រុករ៉ាមប៊ូកកាណា ស្ថិតនៅចម្ងាយ ៩០គ.មភាគឦសានរដ្ឋធានីកូឡុំបូ ។ ក្រុមមន្រ្តីនគរបាល ១៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ដោយសាររងរបួសស្រាល បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ។
ក្រុមនគរបាល និយាយថា ក្រុមបាតុករ បានបិទផ្លូវហាយវ៉េ និងផ្លូវសំខាន់ៗ ហើយមិនអើពើនឹងការព្រមានបំបែករបស់ក្រុមនគរបាល ។ ពួកគេបាននិយាយថា ក្រុមបាតុករទាំងអស់នេះ បានចោលដុំថ្មមកលើពួកគេផងដែរ ។
គួរឲ្យដឹងថា ស្រីលង្កា ស្ថិតនៅលើមាត់ជ្រោះនៃការក្ស័យធន់ ក្នុងនោះថវិការ ៧ពាន់លានដុល្លារក្នុងចំណោមថវិកាសរុប ២៥ពាន់លានដុល្លារ ស្ថិតក្នុងបំណុលបរទេស ដោយសារការទូទាត់ឡើងវិញក្នុងឆ្នាំនេះ ។
កង្វះខាត់ធ្ងន់ធ្ងរនៃអត្រាប្តូរប្រាក់បរទេស មានន័យថា ប្រទេសស្រីលង្កា ជួបកង្វះខាត់លុយ ទិញទំនិញនាំចូល ៕