ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្លិបអ្នកកាសែតកម្ពុជា (CCJ) បានចាប់ដៃគ្នាដើម្បីជំរុញការផ្សព្វផ្សាយវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជាលើវិស័យទាំងនេះ។
នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរាងស្ថាប័នទាំងពីរដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ស្ថាប័នទាំងពីរនឹងផ្តល់ព័ត៌មាន ចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់នៃវិស័យកសិកម្ម និងវិស័យបៃតងដល់សាធារណជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទាំងនេះនៅកម្ពុជា។
អនុស្សរណៈនេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលវិស័យកសិកម្ម និងវិស័យបៃតងកំពុងមានសារៈសំខាន់កាន់តែខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ តាម MoU ភាគីទាំងពីរយល់ថា ការផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងត្រឹមត្រូវ នឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនយល់ដឹងកាន់តែច្បាស់អំពីឱកាស បញ្ហាប្រឈម និងសារៈសំខាន់នៃវិស័យទាំងនេះ។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាព និងការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជា លើវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ដើម្បីចូលរួមបញ្ជ្រាបការយល់ដឹងរបស់សាធារណជន និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕






