ស្វាយរៀង៖នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្ត ២គ្រឿង ÷
• នៅវេលាម៉ោង២១ និង១៥នាទីក្រុមការងារបានឃាត់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន ២៤ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។
• នៅវេលាម៉ោង២២ និង៣៥នាទីក្រុមការងារបានឃាត់រថយន្ត១គ្រឿងទៀត ម៉ាកSSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន ២៨ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
រថយន្តទាំង២គ្រឿង ៤ខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅខេត្តស្វាយរៀងផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
* ក្នុងនាម សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) និងតំណាងឱ្យបងប្អូនកសិករ អ្នកចិញ្ចឹមសត្វទូទាំងប្រទេសកម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរដោយស្មោះចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ត្រីអធិការកិច្ចបសុពេទ្យខេត្តស្វាយរៀង ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ម៉ឺងម៉ាត់ និងមិនគិតពីការនឿយហត់ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ជាបន្តបន្ទាប់។










