ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកពូទីន បញ្ជាកងកម្លាំងរុស្ស៊ីមិនឲ្យវាយសង្រ្គប់មកលើតំបន់លាក់ខ្លួនចុងក្រោយនៅទីក្រុងម៉ារៀប៉ូល

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាកងកម្លាំងរបស់លោកមិនឲ្យវាយសង្រ្គប់តំបន់លាក់ខ្លួនចុងក្រោយរបស់ទាហានអ៊ុយក្រែន នៅក្នុងទីក្រុងឡោមព័ទ្ធ Mariupol តែផ្ទុយទៅវិញពួកគេត្រូវតែបិទទីក្រុងមួយនេះឲ្យជាប់ សូម្បីតែរុយមួយក្បាលក៏មិនត្រូវឲ្យឆ្លងកាត់ដែរ ។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស័រហ្គូ (Sergei Shoigu)បាននិយាយថា កន្លែងផ្សេងទៀតក្រៅពីរោងចក្រដែក Azovstal ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនលាក់ខ្លួន ត្រូវបានរំដោះអស់ហើយៗ លោកពូទីន បានកោតសរសើរដល់ជោគជ័យមួយនេះ ។
អនុសាសន៍របស់លោក ពូទីន និងលោក ស័រហ្គូ ទំនងជាចង់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្រ្តសង្រ្គាមនៅក្នុងទីក្រុង Mariupol ជាកន្លែងដែលកាលពីមុនកងកម្លាំងរុស្ស៊ី ប្តេជ្ញាចិត្តថានឹងដណ្តើមឲ្យបានរាល់ទឹកដីទាំងអស់សូម្បីតែ១អ៊ីញក៏មិនឲ្យបានដែរនៅក្នុងទីក្រុងមួយនេះ ។
ក្រុមមន្រ្តីអ៊ុយក្រែន មិនបានធ្វើសេចក្តីអធិប្បាយលើអនុសាសន៍ចុងក្រោយនេះនោះទេ ប៉ុន្តែមុននេះ ពួកគេបាននិយាយថា រថយន្តក្រុង ៤គ្រឿងដឹកជនស៊ីល អាចបើកចេញពីទីក្រុង Mariupol ក្រោយការប៉ុនប៉ងមិនបានជោគជ័យជាច្រើនលើករួចមក ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បន្តជាប់ខ្លួននៅក្នុងទីក្រុងម៉ារៀប៉ូល ដែលតំបន់ភាគច្រើនក្លាយជាផេះផង់ អំឡុងការឡោមព័ទ្ធរយៈពេលជិត ២ខែកន្លងមកនេះ ក្នុងនោះគេព្រួយបារម្ភថា មនុស្សជាង ២ម៉ឺននាក់ អាចនឹងបាត់បង់ជីវិត ៕