ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុនA.B.S.Dខនស្ត្រាក់សិនពាក់ព័ន្ធការកិបកេងលុយ ៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២នេះបានបង្គាប់ឲ្យឃុំខ្លួនបុរសត្រូវចោទម្នាក់ដែលមានតួនាទីជានាយក​​ប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិននិងបញ្ជូនខ្លួនគាត់ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភលើទំនុកចិត្តនិងកិបកេងលុយ ជាង៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុនដែលគាត់ធ្វើការ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចន្លោះ ឆ្នាំ ២០១៩ និង ២០២១។

យោងតាមដីការបស់លោកចៅក្រមស៊ើបសួរបានឱ្យដឹងថាជនត្រូវចោទរូបនេះមានឈ្មោះ លី ស៊ីឌឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានមុខរបរ ជានាយកប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិន រកស៊ីខាងទទួលការសាងសង់សំណង់ទូទៅមានទៅលំនៅ ភូមិព្រៃទា,សង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ”រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត “តាមបញ្ញត្តិមាត្រា៣៩៣នៃក្រមព្រហ្មទណ្ឌនិងប្រឈមនឹងការត្រូវពន្ធនាគារពី២ ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព។
ជនត្រូវចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២២ ដោយតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហម ម៉េងសែ ៕


ដោយ ច័ន្ទ សោភា