ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ លោក ខាន់ សុវណ្ណ បានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញហើយ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទជេរប្រមាថ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។
យោងតាមពាក្យបណ្តឹង ដែលទើបតែទទួលបាននៅរសៀលនេះ បានឲ្យដឹងថា លោក ខាន់ សុវណ្ណ បានសុំតុលាការផ្តន្ទាទោស និងទារសំណងជំងឺជាទឹកប្រាក់ចំនួន១លានដុល្លារពីលោក ផែង វណ្ណៈ។ នៅរសៀលថ្ងៃនេះដែរ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនលោក ផែង វណ្ណៈ ដល់តុលាការក្រុងភ្នំពេញ ដើម្បីប្រឈមមុខនឹងការសាកសួរបន្ថែមពីលោកព្រះរាជអាជ្ញា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។
បណ្ដឹងរបស់លោក ខាន់ សុវណ្ណ ប្រឆាំងលោក ផែង វណ្ណៈ គឺបណ្តឹងទី៣ ដែលលេចឡើងនៅក្នុងសប្តាហ៍មុន បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានដាក់បណ្តឹងចូលអង្គភាពប្រឆាំងអពើពុករលួយ ដោយប្តឹងពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ តាមរយៈសកម្មភាពចេញមុខធ្វើជាតំណាងគ្រួសារ លោក យិន ង៉ិច រួចយកប្រាក់ចំនួន៥០០០ដុល្លារទៅចូលបណ្យនិស្សិតស្រីឈ្មោះ ឌុំ រីដា។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញ ប្តឹងលោក ផែង វណ្ណៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន២សែនដុល្លារ។
លោក ផែង វណ្ណៈ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ ពីលំនៅដ្ឋានរបស់លោក នាក្រុងតាខ្មៅ ខេត្តកណ្ដាល តាមដីបង្កាប់របស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឈ្មោះ ផែង វណ្ណៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈលើសម្តេច ហ៊ុន សែន និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈសំណេរលើហ្វេសប៊ុករបស់ ផែង វណ្ណៈ ដែលបានប្រៀបធៀបការយកលុយទៅចូលបុណ្យសពរវាងលោក និងនាយក Fresh News។
លោកមេធាវី គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងពាក្យបណ្តឹង ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ថា «តាមរយៈភស្តុតាង ដែលក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានដាក់ភ្ជាប់ជាមួយពាក្យបណ្តឹង ជូនអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ និងតាមរយៈ ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Pheng Vannak News របស់ឈ្មោះ ផែង វណ្ណៈ បានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានចេតនាទុច្ចរិត ប្រើប្រាស់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍របស់ខ្លួន ធ្វើការផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ ទៅដល់សាធារណជនទូទៅ ក្នុងគោលបំណង បរិហារកេរ្តិ៍ជាសាធារណៈ លើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹងបញ្ញាត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ»៕