ពោធិសាត់៖ ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តពោធិសាត់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំក្រោមឱវាទក្រសួងព័ត៌មាន បានអញ្ជើញចុះត្រួតពិនិត្យការងារផ្សព្វផ្សាយរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២២ ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយ ដែលមន្ទីរព័ត៌មាន ខេត្តពោធិសាត់ សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ។
លោករដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ នៃមន្ទីរព័ត៌មាន ខេត្តពោធិសាត់ បន្តប្រឹងប្រែងបំពេញការងារតាមជំនាញ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ត្រូវមានកិច្ចសហការល្អជាមួយ គ្រប់ស្ថាប័ន មន្ទីរជុំវិញខេត្ត ជាពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការជួបប្រជុំគ្នាជាប្រចាំ ដើម្បីដោះស្រាយបញ្ហានៅសេសសល់ ក្តាប់ឲ្យបានរាល់ព័ត៌មាន ដែលកើតមានឡើងក្នុងខេត្ត ដើម្បីរាយការណ៍ជូន អភិបាលខេត្ត ដើម្បីមានវិធានការដោះស្រាយ និងឆ្លើយតបរាល់ព័ត៌មាននោះ។
លោក លាង ទិតដ្ឋាន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តពោធិសាត់ បានជម្រាបជូនពីវឌ្ឍនភាពការងារ ដែលថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែក គ្រប់ជំនាញសម្រេចអនុវត្ត៍បានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសលើការងារផ្សព្វផ្សាយទូរទស្សន៍ និងវិទ្យុ ដោយធ្វើឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានទាន់ហេតុការណ៍ ដំណឹងថ្មីៗ និងកម្មវិធីស្តាប់កម្សាន្ត។
មន្ទីរព័ត៌មានខេត្តពោធិសាត់ បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ហើយសម្រាប់កម្មវិធីទូរទស្សន៍ បានផ្សាយព័ត៌មានផ្សេងៗនៅក្នុងខេត្ត និងផ្សាយបន្តពីស្ថានីយ៍ទូរទស្សន៏ជាតិកម្ពុជា។ ចំពោះស្ថានីយ៍វិទ្យុ ផ្សាយកម្មវិធីជាច្រើនក្នុងខេត្ត និងផ្សាយបន្តផ្ទាល់ពីស្ថានីយ៍វិទ្យុជាតិ FM96។ វិសាលភាពនៃការផ្សាយរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្ត គ្រប់ដណ្តប់ទីរួមខេត្តពោធិសាត់ ដោយឡែកស្រុកវាលវែង មិនបានទៅដល់ទីប្រជុំនោះទេ ដោយសារមានចម្ងាយឆ្ងាយពីទីរួមខេត្ត ប្រមាណ១៣០គីឡូម៉ែត្រ។ ចំពោះផែនការសម្រាប់ពេលខាងមុខ មន្ទីរព័ត៌មាន មានគម្រោងក្រៅពីផ្សាយតាមប្រពន្ធ័ អាន់ណាឡូក គឺផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដូចជា Facebook, YouTube, Instagram, TikTok និង Twitter ដើម្បីផ្សាយព័ត៌មាននៅក្នងខេត្ត និងក្នុងប្រទេស ឲ្យប្រជាពលរដ្ឋបានជ្រាប។
ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ខេត្តពោធិសាត់ បានចាក់ផ្សាយបន្តតាមម៉ាស៊ីនរលកធាតុអាកាស កាណាល់ លេខ៧ ហ្វ្រេកង់១៨៩ មេហ្គាហឺត និងផ្សាយផ្ទាល់តាមទូរទស្សន៍ខ្សែកាប្លិ៍។ ចំពោះស្ថានីយ៍វិទ្យុជាតិខេត្តពោធិសាត់ FM98.50 មេហ្គាហឺត ផ្សាយក្នុងមួយថ្ងៃ១៧ម៉ោង ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង២២យប់។
ស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងខេត្តពោធិសាត់ បានចូលរួមសហការផ្សព្វផ្សាយសេចក្ដីជូនដំណឹង និងសារអប់រំផ្សេងៗទាក់ទងនឹងការការពារជំងឺកូវីដ១៩គ្រប់គ្នា ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន និងសាអប់រំស្តីពីការគោរពច្បាប់ចរាចរណ៍ជាដើម។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះដែរ លោក ខៀវ កាញារីទ្ធ បានផ្តល់ជូននូវថវិកាមួយលាន ដល់មន្ទីរព័ត៌មាន ខេត្តពោធិសាត់ ទុកសម្រាប់បំពេញការងារ៕