ភ្នំពេញ:ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិកាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានវត្តមានអញ្ជើញចូលរួមផងដែ រពីសំណាក់អភិបាលរងខេត្តកំពង់ស្ពឺ ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ រួមមន្ត្រីពាក់ព័ន្ធ ជាច្រើនផងដែរ។
យោងលើរបាយការណ៍យ៉ាងលម្អិតរបស់លោក Koen De Heus លោក ចាន់ គឹមរិទ្ធី អគ្គនាយក និងលោក Johan Vanden Ban នាយកប្រតិបត្តិ ដែលបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនរួមទុនថ្មីមួយ។
ជាឆន្ទ:ចំបងរបស់ក្រុមហ៊ុនគឺបង្កើតរោង ចក្រផលិតចំណីសត្វនៅកម្ពុជាមួយ ឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឲ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលនេះពិតជាបានផ្តល់ឱកាសដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមជាមួយនឹងគោលនយោបាយដ៏ល្អប្រសើររបស់រាជ រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសល្អ បង្លលក្ខណ:អំណោយ ផលលើការវិនិយោគ។
ជាក់ស្តែង ថ្ងៃនេះ ពេលនេះ យើងទាំងអស់គ្នាកំពុងចូលរួមអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យផលិតកម្មចំណីសត្វ គឺការសម្ពោធរោងចក្រផលិតចំណីសត្វដ៏មានសក្តានុពល ដែលប្រសូត្រចេញពីកិច្ចសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ (ប្រទេសហូឡង់)។
លោករដ្ឋមន្ត្រីបានទាញអារម្មណ៍អង្គពិធីឲ្យយល់បន្ថែមថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ: គ្រួសារ ជារួមបាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ ឧទាហរណ៍ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ: គ្រួសារបានប្តូរទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំ ដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។
មួយវិញទៀត ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របីត្រូវបានប្តូរតួនាទីពីការចិញ្ចឹមដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។
នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថាអនុវិស័យផលិតកម្មសត្វបាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ឆ្ពោះទៅគោលដៅមួយដែលរាជរដ្ឋាភិបាលកម្ពុជាចង់បានគឺជាការអភិវឌ្ឍអនុវិស័យនេះ សំដៅលើការលើកកម្ពស់ស្តង់ដាចិញ្ចឹមតាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋានប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងភាតរបរិស្ថាន ហើយចុងក្រោយផលិតបានផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:។
ជាថ្មីម្តងទៀតលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផលសម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់របស់ក្រសួងដែលត្រូវសហការចូលរួមបំពេញតួនាទីដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
ភ្ជាប់ទៅនឹងភាពជោគជ័យដែលក្រុមហ៊ុនសម្រេចបានក្នុងវ័យជាង ១០ឆ្នាំនៃអាយុអាជីវកម្មនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។
ដើម្បីជាធាតុចូលទាំងក្របខ័ណ្ឌច្បាប់ បច្ចេកទេស និងគោលនយោបាយគោលរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់សំខាន់ៗជាអាទិ៍ ៖ ក្រុមហ៊ុនគួរសិក្សា និងស្រាវជ្រាវបន្ថែមលើការផលិតចំណីត្រីឆ្តោរ ដើម្បីជំនួសឲ្យការប្រើវត្ថុធាតុដើមជាកូនត្រីដែលចាប់ពីប្រភពធម្មជាតិ។ ជំរុញ និងលើកទឹកចិត្តឲ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក តាមរយ:ការធ្វើកិច្ចសន្យាផលិត ប្រមូលទិញពីកសិករ ដើម្បីកាត់បន្ថយការនាំចូល។
ក្រុមហ៊ុនគួរបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬក៏ត្រូវចុះកិច្ចសន្យាជាមួយអ្នកផលិត ដើម្បីមួយផ្សព្វផ្សាយពូជ និងបច្ចេកទេស និងពីរដើម្បីធ្វើការពិសោធន៍គុណភាពចំណី។ ក្រុមហ៊ុនក៏ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព និងមិត្តភាពរវាងនិយោជិក និងនិយោជក់ដើម្បីរក្សាបាននូវសុខដុមនីយកម្ម “ក្រុមហ៊ុនជួយបុគ្គលិក-បុគ្គលិកជួយក្រុមហ៊ុនវិញ”។
រក្សាឲ្យបានល្អនូវកិច្ចសហការជាមួយអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីវិបុលភាព ចីរភាព និងនិរន្តរភាពនៃអាជីវកម្ម។ ត្រូវខិតខំពង្រីកសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទ ដើម្បីស្រូបយកឲ្យបានកាន់ តែច្រើនទាំងធនធានមនុស្ស ធនធានចំណេះដឹង បទពិសោធន៍ និងធនធានវត្ថុធាតុដើម។ទាំងអស់នេះគឺដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ នាឆ្នាំ២០៣០។
តាមការបញ្ចាក់របស់លោកអគ្គនាយកបានឲ្យដឹងថា ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុម ហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់។
ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ សាងសង់រោងចក្រលើផ្ទៃដីចំនួន ៧១៥៤ម៉ែត្រការ៉េ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០តោន/ខែ ប្រើកម្មករ ៥២ នាក់។
មានផែនការផលិតចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ។ វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប។
២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ។ ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រទៅខេត្តបាត់ដំបងមួយទៀតដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ។