ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖ រុស្ស៊ីព្រមានពីសុចនាករឆ្ពោះទៅរកសង្គ្រាមលោកលើកទី ៣ ហើយការបញ្ជូនអាវុធឲ្យអ៊ុយក្រែនប្រៀបដូចជាចាក់ប្រេងលើអណ្ដាតភ្លើង

បរទេស៖ប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃច័ន្ទថា ការចរចាសន្តិភាពជាមួយ អ៊ុយក្រែន នឹងបន្ត ខណៈព្រមានពីគ្រោះថ្នាក់ពិតប្រាកដនៃសង្រ្គាមលោកលើកទី៣ ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី លោក Lavrov បានរិះគន់វិធីសាស្ត្ររបស់រដ្ឋធានី Kyiv ក្នុងការចរចា ដោយបន្ថែមថា ឆន្ទៈស្មោះត្រង់មានដែនកំណត់ ប៉ុន្តែបើវាមិនទទួលបានផលត្រឡប់មកវិញទេនោះមិនអាចជួយដល់ដំណើរការចរចាបានឡើយ ។ ពួកយើងនឹងបន្តចូលរួមក្នុងការចរចាជាមួយក្រុមគណៈប្រតិភូរបស់ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky ហើយការទំនាក់ទំនងទាំងនេះ នឹងបន្តទៅមុខ ។
លោក Lavrov បានចោទប្រកាន់លោក Zelensky ពីបទធ្វើជាលេសចង់ចរចា ។ លោកថា លោក Zelensky គឺជាកំពូលមនុស្សល្បិច ។ ថ្នាក់នៃសង្គ្រាមលោកលើកទី៣ គឺមានពិតប្រាកដ។ លោកនិយាយថា គ្រោះថ្នាក់គឺមានពិតប្រាកដមែន វាពិតជាមានមែន អ្នកមិនអាចមើលស្រាលបានទេ ។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចោទលោកខាងលិច ពីបទព្យាយាមបំផ្លាញប្រទេសរុស្ស៊ី ដោយជំរុញឲ្យក្រុមរដ្ឋអាជ្ញាបង្កើនការប្រុងប្រយ័ត្នខ្ពស់ នូវអ្វីដែលលោកហៅថាជាគម្រោងការគិញសំងាត់បរទេសដើម្បីបំបែកបំបាក់ប្រទេសរុស្ស៊ី ។
ថ្លែងទៅកាន់ក្រុមរដ្ឋអាជ្ញាជាន់ខ្ពស់របស់រុស្ស៊ី លោក Putin បានចោទបណ្ដាប្រទេសលោកខាងលិច ពីបទ ញុះញង់ឲ្យអ៊ុយក្រែនរៀបគម្រោងវាយប្រហារលើក្រុមអ្នកសារព័ត៌មានរុស្ស៊ី តែទីក្រុង Kyiv បានទាត់ចោលការចោទប្រកាន់នេះ ។
លោក Putin បាននិយាយថាអង្គភាពបន្តវេនដ៏សំខាន់នៃទីភ្នាក់ងារKGB ក្នុងសម័យអតីតសហភាពសូវៀត គឺសេវាសន្តិសុខសហព័ន្ធ (FSB) កាលពីថ្ងៃចន្ទ បានទប់ស្កាត់ឃាតកម្មដែលបានប៉ុនប៉ងដោយក្រុមភេរវករមួយក្រុម លើអ្នកសារព័ត៌មានទូរទស្សន៍រុស្ស៊ី លោក Vladimir Solovyev ។ លោកថា ពួកគេមានគម្រោងធ្វើភេរវកម្ម ដើម្បីត្រៀមសម្លាប់អ្នកសារព័ត៌មានរបស់រុស្ស៊ី ។
ដោយឡែក ទីបញ្ជាការយោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីកំពុងព្យាយាមទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធរថភ្លើងរបស់អ៊ុយក្រែន ដើម្បីរំខានដល់ការដឹកជញ្ជូនអាវុធចូលពីបរទេស ។ អ៊ុយក្រែន បានច្រានចោលកិច្ចព្រមព្រៀងដែលបានសម្រេចជាមួយរុស្ស៊ី ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប នៅក្នុងទីក្រុងរងការឡោមព័ទ្ធ Mariupol និងបានជំរុញ ដល់អង្គការសហប្រជាជាតិឲ្យដើរតួនាទីជាអ្នកផ្តួចផ្តើម និងជាអ្នកធានាលើកិច្ចព្រមព្រៀងណាមួយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួននឹងបើកច្រករបៀងមនុស្សធម៌មួយដើម្បីឲ្យជនស៊ីវិលអាចចាកចេញពីរោងចក្រដែកថែបដ៏ធំ Azovstal ជាទីដែលពួកគេកំពុងសំងំលាក់ខ្លួនជាមួយក្រុមយុទ្ធជនអ៊ុយក្រែន និងស្ថិតក្រោមការវាយប្រហាររបស់រុស្ស៊ី ។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានសរសេរក្នុងសារលើបណ្ដាញសង្គមTelegram ថា ថ្ងៃនេះភាគីខាងប្រទេសរុស្ស៊ី បានប្រកាសជាថ្មីម្ដងទៀត ពីច្រករបៀងមនុស្សធម៌ដែលមានស្រាប់សម្រាប់ឲ្យជនស៊ីវិលចាកចេញ។ការប្រកាសនេះអាចជឿជាក់បាន ប្រសិនបើទាហានរុស្ស៊ី មិនកម្ទេចច្រករបៀងមនុស្សធម៌ជាច្រើនលើកច្រើនសារកាលពីមុន ។
ខណៈពេលនោះដែរ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកទល់នឹងការបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតទៅអ៊ុយក្រែន ដោយនិយាយថាការដឹកជញ្ជូនអាវុធនេះ គឺប្រៀបដូចជាចាក់ប្រេងលើអណ្ដាតភ្លើង ។
សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាគិតជាទឹកប្រាក់ប្រហែល ៦,៤ពាន់លានទៅកាន់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤ ដែលក្នុងនោះទឹកប្រាក់ ៣.៧ ពាន់លានដុល្លារអាមេរិក ត្រូវបែងចែកក្នុងកញ្ចប់ថវិកាជាបន្តបន្ទាប់ដែលបានប្រកាសក្រោយការវាយលុករបស់រុស្ស៊ី លើប្រទេសជិតខាងរបស់ខ្លួនជាង២ខែកន្លងទៅនេះ។
ប្រមុខការទូតអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាផ្ដល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់ ចំនួន ៣២២លានដុល្លារអាមេរិក បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងទីក្រុង Kyiv ។
លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា ការដឹកជញ្ជូនយុទ្ធោបករណ៍ ទៅឲ្យអ៊ុយក្រែន បង្កើនជម្លោះកាន់តែរីកធំ ខណៈសង្គ្រាមនេះបានឈានចូលដល់ថ្ងៃទី៦១។
លោក Antonov បាននិយាយដោយសំដៅទៅលើកំណត់ទូតផ្លូវការដែលបានបញ្ជូនទៅឲ្យក្រុង Washington បង្ហាញពីក្ដីកង្វល់របស់ក្រុង Moscow ថា យើងពិតជាមិនអាចទទួលយកស្ថានភាពបែបនេះបានទេ នៅពេលសហរដ្ឋអាមេរិក ដឹកជញ្ជូនអាវុធ ចូលទៅប្រទេសអ៊ុយក្រែន ហើយយើងទាមទារឲ្យបញ្ឈប់សកម្មភាពនេះ ៕