ចិន៖ ក្រុមហ៊ុនផលិតដ្រូនធំបំផុតរបស់ពិភពលោក DJI បានផ្អាករាល់សកម្មភាពធុរកិច្ចទាំងអស់របស់ខ្លួននៅប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ។
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ុយក្រែន បានជំរុញឲ្យក្រុមហ៊ុនផលិតដ្រូនរបស់ចិនមួយនេះ ចាត់វិធានការដើម្បីបញ្ឈប់ដ្រូនរបស់ខ្លួនពីការប្រើប្រាស់ដោយរុស្ស៊ី ។
ប៉ុន្តែលោកTaras Troiak គឺជាប្រធានសហព័ន្ធម្ចាស់យានដ្រូនអ៊ុយក្រែនបាននិយាយប្រាប់ BBCថា លោកនៅតែមានមន្ទិលសង្ស័យថាតើវានឹងបញ្ឈប់យោធារុស្ស៊ី ពីការប្រើប្រាស់ដ្រូនក្រុមហ៊ុន DJI ឬ ។
លោកនិយាយថា ការផ្គត់ផ្គង់ដ្រូននៅតាមហាង អាចនឹងអស់ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ប៉ុន្តែតាមគំនិតរបស់លោក ពួកគេអាចនឹងរត់ពន្ធដ្រូនដោយងាយស្រួលចូលរុស្ស៊ី ចេញពីចិន ។
លោកបន្តថា ដ្រូនត្រូវបានប្រើប្រាស់ដោយយោធារុស្ស៊ី សម្រាប់ការឈ្លបការរណ៍រយៈចម្ងាយជិត ។ ពួកគេនឹងប្រើប្រាស់វាដើម្បីស្វែងរកទាហានណាម្នាក់នៅក្បែរ ដើម្បីប្រាកដថា គ្មាននរណាម្នាក់នៅជិតពួកគេនោះទេ ។
លោកបាននិយាយទៀថា បើសិនជាពួកគេចង់ដណ្តើមយកអគារ ឬរោងចក្រ ពួកគេអាចប្រើប្រាស់ដូ្រនទាំងអស់នេះបាន ដើម្បីស្វែងរកទាហានអ៊ុយក្រែននៅលើដែនដីក្បែរពួកគេ ។
លោក Troiakនិយាយថា លោកយល់ថា ក្រុមហ៊ុន DJIចង់បានអព្យាក្រិតនៅក្នុងជម្លោះ ប៉ុន្តែ លោកយល់ឃើញថា ការផ្គត់ផ្គង់គួរតែកាត់ផ្តាច់ទៅកាន់រុស្ស៊ី តែមិនមែនជាអ៊ុយក្រែននោះទេ ដោយសារតែពួកយើងការពារប្រទេសពួកយើង ។
ការផ្អាកប្រតិបត្តិការដោយក្រុមហ៊ុនផលិតដ្រូនធំបំផុតរបស់ពិភពលោកមួយនេះ គឺជារឿងមិនធម្មតានោះទេសម្រាប់ក្រុមហ៊ុនចិនមួយនេះ ។
ចិននៅតែបន្តអព្យាក្រិតនៅក្នុងជម្លោះ ដោយអំពាវនាវឲ្យមានដំណោះស្រាយសន្តិវិធី ប៉ុន្តែទីក្រុងប៉េកាំង នៅមិនទាន់ថ្កោលទោសការវាយលុកអ៊ុយក្រែនរបស់រុស្ស៊ី ។
ក្រុមហ៊ុន DJIបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុននឹងវាយតម្លៃឡើងវិញតម្រូវការអនុលោមតាមយុត្តាធិការផ្សេងៗគ្នា ។ ផ្អែកលើការយល់ឃើញបច្ចុប្បន្ន ពួកគេនឹងផ្អាករាល់សកម្មភាពធុរកិច្ចទាំងអស់នៅរុស្ស៊ី និងអ៊ុយក្រែន ។
កាលពីខែមីនាកន្លងទៅ ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Mykhailo Fedorov បានសរសេរនៅលើ Twitterទៅកាន់ក្រុមហ៊ុន DJIថា សូមមេត្តាបិទផលិតផលរបស់អ្នកដែលជួយរុស្ស៊ីសម្លាប់ពលរដ្ឋអ៊ុយក្រែន ៕