ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនប្រេងរុស្ស៊ី ផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសប៊ុលហ្គារី

អន្តរជាតិ​៖ ក្រុមហ៊ុនឧស្ម័នខ្នាតយក្សរុស្ស៊ី Gazprom បានផ្អាកទាំងស្រុងការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសប៊ុលហ្គារី ដោយសារតែប្រទេសទាំង២នេះ មិនបានទូទាត់ជាប្រាក់រូប្លិ៍ ។ នេះបើយោងតាមការអះអាងឲ្យដឹងពីក្រុមហ៊ុននៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារកាលពីថ្ងៃទី ២៣ ខែមីនាថា កិច្ចសន្យាឧស្ម័នបច្ចុប្បន្នរបស់រុស្ស៊ី ជាមួយប្រទេសអមិត្ត ដែលរួមទាំងប៉ូឡូញ និងប៊ុលហ្គារី នឹងត្រូវទូទាត់ជាប្រាក់រូប្លិ៍ ខណៈដែលរយៈពេល១សប្តាហ៍ក្រោយមក នៅថ្ងៃ ៣១ ខែមីនា លោកពូទីន បានចុះហត្ថលេខាលើបទបញ្ជា ហើយនិងអនុវត្តន៍វា នៅថ្ងៃទី ១ ខែមេសា ។
រុស្ស៊ី បានអះអាងថា ពួកគេបានជូនដំណឹងដល់អ្នកផ្តល់កុងត្រារបស់ខ្លួនទាន់ពេលវេលា ប៉ុន្តែមកដល់ថ្ងៃអង្គារ ក្រុមហ៊ុន Gazprom បាននិយាយថា ពួកគេនៅមិនទាន់ទទួលបានការទូទាត់ណាមួយពីក្រុមហ៊ុនឧស្ម័នប៉ូឡូញ និងប៊ុលហ្គារី ជាប្រាក់រូប្លិ៍នៅឡើយទេ សម្រាប់ខែមេសា ។
ហេតុដូច្នេះហើយ ក្រុមហ៊ុន Gazprom ក៏បានសម្រេចចិត្តបញ្ឈប់ការចែកចាយឧស្ម័នទៅកាន់ប្រទេសទាំងពីរ ចាប់ពីថ្ងៃពុធតទៅ រហូតដល់ការទូទាត់ត្រូវបានធ្វើឡើង ។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើ បានឲ្យដឹងទៀតថា ក្នុងនាមជាជាប្រទេសដឹកជញ្ជូនឧស្ម័ន ទាំងប្រទេសប៉ូឡូញ និងប៊ុលហ្គារី មិនត្រូវបានគេអនុញ្ញាតឲ្យទាញយកឧស្ម័នរុស្ស៊ីដែលគ្មានការអនុញ្ញាត សម្រាប់ផ្តល់ជូនប្រទេសទី ៣បាននោះទេ ។ បើពុំដូច្នោះទេ រុស្ស៊ីនឹងកាត់បន្ថយទំហំនៃការដឹកជញ្ជូន ។
ជាការឆ្លើយតបនឹងការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ននេះដែរ ប្រធានាធិបតីប៉ូឡូញ លោក អាន់ដឺហ្សេច ឌូដា ( Andrzej Duda) បាននិយាយកាលពីថ្ងៃពុធថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ដ៏សមស្រប មកលើក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី ដែលបំពានលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័ន ។
ទន្ទឹមនឹងពេលនោះដែរ នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក គីរីល ប៉េតកូវ(Kiril Petkov)បាននិយាយថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចរាល់សម្រាប់ការផ្អាកផ្គត់ផ្គង់ឧស្ម័នពីភាគីរុស្ស៊ី ដោយលោកបន្តទៀតថា អ្វីៗស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ។ លោកនិយាយថា រដ្ឋាភិបាលរបស់លោក មានគម្រោងរួចស្រេចសម្រាប់សេណារីយោមួយនេះ ហើយការផ្គត់ផ្គង់ឧស្ម័នដល់អ្នកប្រើប្រាស់ នឹងមិនត្រូវបានកាត់បន្ថយនោះទេ ៕