បរទេស៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយថា រុស្ស៊ីគ្រោងនឹងដាក់បញ្ចូលភ្លាមៗនូវតំបន់ភាគខាងកើតចំនួន២កន្លែងរបស់អ៊ុយក្រែន ដែលត្រូវបានខ្ទេចខ្ទាំដោយសារការវាយលុករបស់រុស្ស៊ី ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការផ្ដួលរំលំរដ្ឋាភិបាលក្រុង Kyiv ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតំបន់អឺរ៉ុប លោក Michael Carpenter បាននិយាយថា យោងតាមរបាយការណ៍ថ្មីៗចុងក្រោយ ពួកលោកជឿថា រុស្ស៊ីនឹងព្យាយាមដាក់បញ្ចូលសាធារណរដ្ឋប្រជាមានិត្យ Donetsk និងសាធារណរដ្ឋប្រជាមានិត្យ Lugansk ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី ។
លោកបាននិយាយថា របាយការណ៍នានានិយាយថា ប្រទេសរុស្ស៊ីគ្រោងរៀបចំការធ្វើប្រជាមតិ បន្ទាប់ពីមានការចូលរួមនៅថ្ងៃណាមួយ នៅរង្វង់ពាក់កណ្ដាល ខែឧសភា ។
លោក Carpenter បាននិយាយថា សហរដ្ឋអាមេរិក ក៏ជឿជាក់ផងដែរថា ប្រទេសរុស្ស៊ី កំពុងពិចារណាផែនការស្រដៀងគ្នាមួយទៀត នៅក្នុងតំបន់ទី៣ គឺទីក្រុង Khersonជាទីដែល ក្រុង Moscow វាយដណ្ដើមគ្រប់គ្រងបាននាពេលថ្មីៗ និងតម្រូវឲ្យចាយប្រាក់រូប្លិ៍ របស់រុស្ស៊ី ។
ខណៈពេលនោះដែរ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញយានដ្រូន Bayraktar TB-2 ផលិតនៅប្រទេសទួរគី ចំនួន ៣គ្រឿងនៅជុំវិញតំបន់កោះពស់ ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov បាននិយាយថា យានដ្រូន UAVs របស់អ៊ុយក្រែន ៤គ្រឿងផ្សេងទៀត ត្រូវបានបំផ្លាញនៅទីក្រុង Kharkiv និងក្នុងតំបន់ Donetsk។
វិធានការនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មុនរបស់យោធាអ៊ុយក្រែនដែលបានអះអាងថា ទូកល្បាតរបស់រុស្ស៊ីខ្នាតតូចពីរគ្រឿង ត្រូវបានបំផ្លាញនៅក្នុងសមុទ្រខ្មៅក្បែរកោះពស់ដោយប្រើ ប្រាស់យានដ្រូនប្រភេទដូចគ្នា។ វីដេអូ ចែករំលែកដោយក្រសួងការពារជាតិរុស្ស៊ីបានអះអាងពីការ បង្ហាញប្រព័ន្ធមីស៊ីលបាលីស្ទីក Iskander កំពុងធ្វើសកម្មភាព ។
កងកម្លាំងរុស្ស៊ី បានវាយប្រហារលើគោលដៅយោធាអ៊ុយ ក្រែនរាប់សិបកន្លែងនៅភាគខាងកើតដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលបាលីស្ទីក Iskander ។
ដោយត្រូវបានរារាំងក្នុងបំណងដើម្បីដណ្តើមយករដ្ឋធានី Kyiv ប្រធានាធិបតីលោក Vladimir Putin បានផ្លាស់ប្តូរការផ្តោតគោលដៅរបស់លោកទៅកាន់តំបន់ Donbas ជាតំបន់បេះដូងឧស្សាហកម្ម នៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលក្រុមផ្តាច់ខ្លួនគាំទ្រដោយទីក្រុងមូស្គូ ប្រយុទ្ធ ជាមួយកងកម្លាំងអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ ។
ដោយឡែក អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារទៅលើកំពង់ផែសមុទ្រខ្មៅរបស់ទីក្រុង Odesa កាលពីល្ងាចថ្ងៃចន្ទបណ្តាលឲ្យក្មេងជំទង់ម្នាក់ស្លាប់ និងម្នាក់ ផ្សេងទៀតរងរបួស។
ប្រធានមជ្ឈមណ្ឌលព័ត៌មានសម្របសម្រួលរួមរបស់កងកម្លាំង ការពារភាគខាងត្បូងប្រទេសអ៊ុយក្រែន លោក Nataly Gumenyuk បាននិយាយថា ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីមីស៊ីលបានវាយប្រហារអគារលំនៅឋានមួយកន្លែងដែលមានមនុស្ស ៥ នាក់កំពុងជ្រក កោន។
លោក Gumenyuk និយាយថាថា ស្ថាប័នសាសនាមួយកន្លែងត្រូវបានបំផ្លាញដោយការបាញ់ ផ្លោងជាបន្តបន្ទាប់ ។
ចំណែកឯ លេខាក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov និយាយថាការវាយប្រហារ លើទីក្រុង Odesa បានបំផ្លាញដំបូលព្រះវិហារមួយកន្លែង ហើយរុស្ស៊ីកាលពីថ្ងៃចន្ទបានបំផ្លាញស្ពាន ឆ្លងកាត់មួយនៅភាគខាងលិចទីក្រុង Odesa ជាកន្លែងដែលទន្លេ Dniester ហូរចូលទៅក្នុងសមុទ្រ ខ្មៅ ។
ស្ពាននេះបានរងការបំផ្លាញរួចទៅហើយក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្សីពីរលើកកាលពីពេលមុន ។ វាបានផ្តល់នូវការតភ្ជាប់ផ្លូវរថភ្លើងតែមួយគត់ និងផ្លូវហាយវេ សម្រាប់ភ្ជាប់ទៅកាន់ តំបន់ភាគខាងលិចទីក្រុង Odesa ។
ការបំផ្លាញស្ពានបានកាត់បន្ថយដំណើរការចូលនៃការដឹកជញ្ជូនអាវុធ និងទំនិញផ្សេងទៀតពី ប្រទេសរ៉ូម៉ានីដែលនៅជិតខាង ។
ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែននេះដែរ ប្រធានសភារុស្ស៊ីលោក Vyacheslav Volodin បានបង្ហាញការមិនពេញចិត្តចំពោះប្រទេសទាំងអស់ដែលកំពុងផ្ដល់ជំនួយយោធាឲ្យទៅអ៊ុយក្រែន ដោយហៅពួកគេថាជាឧក្រិដ្ឋជនសង្រ្គាម ខណៈប្រទេសទាំងនោះកំពុងរុញដោលពិភពលោកឲ្យធ្លាក់ចូលមាត់ជ្រោះនៃគ្រោះមហន្តរាយ ។
លោក Volodin បាននិយាយថា ប្រទេសទាំងឡាយ ដែលជួយអ៊ុយក្រែនឲ្យមានលទ្ធភាពការពារខ្លួន គឺជាការជាន់ពន្លិចខ្លួនឯងដែលបណ្ដាលឲ្យគេអូសចូលទៅក្នុងជម្លោះ ។ ប្រធានសភាក៏បានរម្លឹកអំពីប្រវត្តិសាស្ត្រផងដែរពិសេសគឺសម័យសង្រ្គាមលោកលើកទី២ និងក្រុមហ្វាស៊ីសនិយម ។ បណ្ដាមេដឹកនាំរបស់ប្រទេសមួយចំនួននៅអឺរ៉ុប ពិសេសអាល្លឺម៉ង់ ខ្លួនឯងកំពុងនាំបញ្ហាស្មុគស្មាញឲ្យប្រជាពលរដ្ឋរបស់ខ្លួនហើយ ។
លោកបន្តថា ការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅឲ្យអ៊ុយក្រែន មានន័យថា ពួកគេក្លាយជាភាគីពាក់ព័ន្ធក្នុងជម្លោះដែរ ។ ពួកគេស្ងៀមស្ងាត់ នៅពេលពួកណាស៊ីនៅក្នុងទីក្រុង Odesa បានដុតសម្លាប់ជីវិតជនស៊ីវិល ពួកគេពុំបានធ្វើអ្វីឡើយដើម្បីជួយការពារមនុស្សនៅក្នុងតំបន់ Donbas ហើយពេលនេះ ពួកគេកំពុងធ្វើគ្រប់យ៉ាងដើម្បីសម្លាប់ទាសករនៅក្នុងប្រទេសអ៊ុយក្រែន ៕