(ខេត្តស្វាយរៀង)៖ក្រុមពលរដ្ឋនិងមន្ត្រីពេទ្យសត្វខេត្តបានឲ្យដឹងថាក្រុមឈ្មួញបានបន្តសកម្មភាពនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមករាល់ថ្ងៃ ក្នុង១ ថ្ងៃៗរាប់រយក្បាល គឺពី៣០០ ក្បាលទៅ៦០០ ក្បាល ដឹកតាមរថយន្តសាំយ៉ុង តាមព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចបន្ទាប់មក ចាប់ផ្តើមផ្ទេរដាក់រថយន្តធំដឹកទៅកាន់រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរអោយដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថាមាន ក្រុមឈ្មួញបាននាំសត្វជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែន ចែកខេត្តគឺភូមិក្រាំងលាវ ស្រុក ពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួសស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
មន្ត្រីខាងលើបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣០ ខែមេសាខាងវៀតណាមបានសាងជ្រូករស់ចំនួន៤០ក្បាល ចេញពីរថយន្តនៅព្រំដែនវៀតណាមលើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែនចូលមកប្រទេសខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង។
លើសពីនេះនៅពេលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញអ្នកសារព័ត៌មានទៅដល់ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿងបើកចូលទៅក្រាំងលាវរដ្ឋបាលស្រុកកំពង់ត្របែក និង២គ្រឿងបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀតដែលមិនទាន់បានលើកជ្រូកដាក់នោះបានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងតាមផ្លូវលំក្រវ៉ាត់ព្រំដែន។
សមត្ថកិច្ចម្នាក់បាននិយាយថា ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ដីខ្មែរភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ឈ្មួញដែររកស៊ីដឹកជ្រូកមានឈ្មោះ គង់ មុខរបរជាទាហ៊ាន មានទីលំនៅភូមិតាប៉ ឃុំតាសួសស្រុកស្វាយជ្រំ ដែលគេលក់បន្តឲ្យក្រុមហ៊ុន ដានី ដេង ប្រធានក្រុមហ៊ុនឈ្មោះ ដេង ដានី ។
ទាក់ទិនករណីនេះដែរ សារព័ត៌មានព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺ ពីលោក យ៉ន សុផល មេប៉ុស្តិ៍ វរៈការពារព្រំដែនក្រសាំងជ្រំបាននៅឡើយទេដោយទូរសព្ទ័ចូលហើយឆ្លើយថា កំពុងបើករថយន្តការពារគណៈប្រតិភូ ពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន។
លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិក ម្មរក្ខាប្រម៉ាញ់និងនេសាទខេត្ត បានមានប្រសាសន៍តាមទូរសព្ទ័ថា: ក្រុមការងារពេទ្យសត្វបានចុះផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ពន្ធ័នៅឈជើងតាមប៉ុស្ត៍វរៈការពាព្រំដែនគោក សូមឲ្យជួយទប់ស្កាត់និងបង្ក្រាបបទល្មើសការនាំជ្រូករស់ និងផលិតផលដែលមានដើមកំណើតពីសត្វពីប្រទេសវៀតណាមឆ្លងដែនចូលមកប្រទេសកម្ពុជារដ្ឋបាលខេត្តស្វាយរៀង។
លោកបានចេញលិខិតដាក់សំណើរទៅលោកអភិបាលខេត្តស្វាយរៀង តាមរយៈលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត សូមឲ្យដាក់បញ្ជាទៅលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងឲ្យមន្ត្រីនគបាលវរៈការពារព្រំដែនរឹតបន្តឹងនិងបង្ក្រាបបទល្មើសនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសវៀតណាមចូលមកដោយខុសច្បាប់ ក៏ប៉ុន្តែ បទល្មើស នាំជ្រូករស់ពីប្រទេសវៀតណាមដោយខុសច្បាប់នៅតែមានបន្តបន្ទាប់។
ប្រជាពលរដ្ឋនិងមន្រ្តីជំនាញផ្នែកផលិតសត្វជាច្រើនបានទទួចឲ្យសមត្ថកិច្ចពាក់ព័ន្ធនិងមន្រ្តីនាយករដ្ឋានសុខភាពសត្វនិងផលិតកម្មប្រចាំខេត្តតាកែវក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត ជាពិសេស អភិបាលខេត្តតែម្តងកុំបណ្តែតបណ្តោយឲ្យក្រុមឈ្មួញ ទុច្ចរិតឃុបឃិតគ្នាលួចនាំចេញដោយខុសច្បាប់បន្តទៀត ព្រោះប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកនិងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្រាប់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រយ៉ាងជ្រាលជ្រៅចំពោះ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រ្កាប បទល្មើសលួចនាំជ្រូករស់ដោយខុសច្បាប់ដោយក្រុមឈ្មួញទុច្ចរិត។