ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តស្វាយរៀងប្រាប់មន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពទប់ស្កាត់ការនាំចូលសត្វជ្រូកខុសច្បាប់ពីប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល កាលពីថ្ងៃទី២ ខែឧសភានេះបានចេញសេចក្ដីណែនាំទៅដល់បណ្ដាសមត្ថកិច្ចជំនាញ់ពាក់ព័ន្ធ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតជុំវិញការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ខណៈកន្លងមកសកម្មភាពទាំងនេះបានកើតឡើងស្ទើជារៀងរាល់ថ្ងៃ។

ជាស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាមរាល់ថ្ងៃដូចហែកឋិន ក្នុង ១ថ្ងៃៗ រាប់រយក្បាល គឺ៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ដោយដឹកពីព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។
ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយឈ្មួញ ឈ្មោះ គង់ ជាទាហ៊ាន មានទីលំនៅភូមិតា ប៉ ឃុំតាសួសស្រុកស្វាយជ្រំ លក់បន្តឲ្យក្រុមហ៊ុនដានីដេង ប្រធានក្រុមហ៊ុនឈ្មោះដេង ដានី ។

យោងតាមសេចក្ដីណែនាំនៅថ្ងៃទី២ខែឧសភាម្សិលមិញនេះ អាជ្ញាធរខេត្ត បានណែនាំដល់បណ្ដាសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងមន្ទីរ-មន្ត្រីជំនាញ ត្រូវត្រួតពិនិត្យ និងហាមឃាត់ឲ្យបានចំពោះសកម្មភាពនាំចូលនូវសត្វជ្រូក និងសាច់ជ្រូក ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅតាមទីតាំងច្រករបៀងជាប់ព្រំខេត្ត។
ចំពោះអ្នកដែលមិនសហការនឹងត្រូវចាត់វិធានការចំពោះអ្នកប្រព្រឹត្តិនោះចំពោះមុខច្បាប់។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រយ៉ាងជ្រាលជ្រៅចំពោះ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាន យកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រ្កាប បទល្មើសលួចនាំជ្រូករស់ដោយខុសច្បាប់ដោយក្រុមឈ្មួញទុច្ចរិត។
ប្រជាពលរដ្ឋនិងមន្រ្តីជំនាញផ្នែកផលិតសត្វជាច្រើនបានទទួចឲ្យសមត្ថកិច្ចពាក់ព័ន្ធនិងមន្រ្តីនាយករដ្ឋានសុខភាពសត្វនិងផលិតកម្មប្រចាំខេត្តតាកែវក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត ជាពិសេស អភិបាលខេត្តតែម្តងកុំបណ្តែត បណ្តោយឲ្យក្រុមឈ្មួញ ទុច្ចរិតឃុបឃិតគ្នាលួចនាំចេញដោយខុសច្បាប់បន្តទៀត ព្រោះប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកនិងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។