ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖ អឺរ៉ុប អាមេរិក រុស្ស៊ី និងពិភពលោកខាតបង់ព្រមគ្នាដោយសារសង្រ្គាមអ៊ុយក្រែន

បរទេស៖ ឯកសារថតចម្លងបែកធ្លាយពីការព្យាករណ៍ផ្ទាល់របស់វិមានក្រឹមឡាំងបានបង្ហាញថា សេដ្ឋកិច្ចរបស់ទីក្រុង Moscow បានធ្លាក់ចូលក្នុងវិបត្តិដុនដាបដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍មកនេះ ខណៈដែលប្រទេសនេះ ត្រូវបានប៉ះពាល់ដោយសារទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ។
ក្រសួងហិរញ្ញវត្ថុរុស្ស៊ី កំពុងព្យាករណ៍ការធ្លាក់ចុះផលិតផលសរុបក្នុងស្រុក(GDP)ចំនួន១២% នៅក្នុងឆ្នាំនេះ ជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៩៤ នៅពេលប្រទេសនេះ កំពុងផ្លាស់ប្ដូរទៅរករបបមូលធននិយម ក្រោមការដឹកនាំរបស់ លោក Boris Yeltsin ជាប្រធានាធិបតីដំបូងគេ ក្រោយការដួលរលំសហភាពសូវៀត។
ឯកសារចម្លងលេចធ្លាយនេះ នឹងដាក់សម្ពាធបន្ថែមទៀត លើលោក Vladimir Putin ដែលបានចូលរួមជាអធិបតីក្នុងក្បួនព្យុហយាត្រាទិវាជ័យជម្នះប្រចាំឆ្នាំរបស់រុស្ស៊ី រំឭកដល់ការបញ្ចប់សង្គ្រាមលោកលើកទី ២នៅអឺរ៉ុប។
រុស្ស៊ីត្រូវបានគ្របសង្កត់ដោយទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្រោយការចូលលុកលុយប្រទេសអ៊ុយក្រែន ដែលនឹងត្រូវរងសម្ពាធបន្ថែមទៀត ខណៈទីក្រុងព្រូចសែល ពិភាក្សាបម្រាមលើការនាំចូលប្រេងពីប្រទេសនេះ ។
លោក Mike Muller ដែលជាប្រធានទីភ្នាក់ងារថាមពល Vitol អាស៊ីដែលជាពាណិជ្ជករប្រេងឆៅឯករាជ្យធំបំផុតរបស់ពិភពលោក បាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបានកាត់បន្ថយការផលិតប្រេងឆៅ ១លានបារ៉ែលចេញពីការផលិតរបស់ខ្លួនជារៀងរាល់ថ្ងៃ ប៉ុន្តែនោះគ្រាន់តែជាការធ្លាក់ចុះតិចតួច បើប្រៀបធៀបទៅនឹងផលប៉ះពាល់ដែលបានព្យាករណ៍ ។
រុស្ស៊ីកំពុងផលិតប្រេងឆៅបានប្រហែល ១១ លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ថ្ងៃ ដែលខ្លួនបានលុកលុយអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ហើយពួកគេ បាននាំចេញប្រមាណ ៧ លានបារ៉ែលក្នុងមួយថ្ងៃ។
ប៉ុន្តែការដាក់ទណ្ឌកម្ម និងពហិការផលិតផលរបស់ខ្លួន បានរំខានដល់ពាណិជ្ជកម្ម និងកាត់បន្ថយតម្រូវការ ដោយបង្ខំឲ្យរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់របស់ខ្លួន ដែលវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ សហភាពអឺរ៉ុបក៏កំពុងរៀបចំផែនការលើបម្រាមនាំចូលប្រេងឆៅពីរុស្ស៊ីទាំងស្រុងផងដែរ ។
រុស្ស៊ីរកចំណូលបាន ៦៦ពាន់លានដុល្លារពីការនាំចេញឥន្ធនៈហ្វូស៊ីលក្នុងរយៈពេល ២ខែចាប់តាំងពីចូលវាយប្រហារអ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាតដែលចេញផ្សាយកាលពីសប្តាហ៍មុន។
លោក Muller បាននិយាយនៅក្នុងបណ្ដាញសង្គមថា នៅមានប្រទេសជាច្រើននៅអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ដែលមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Vladimir Putin បានគូសបញ្ជាក់ក្នុងអំឡុងសុន្ទរកថារបស់លោកនៅឯក្បួនព្យុហយាត្រាទិវាជ័យជម្នះនៅទីលានចតុរង្គក្រហមក្នុងទីក្រុង Moscow កាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនគឺជាវិធានការបង្ការទុកជាមុនប្រឆាំងនឹងការឈ្លានពាននាពេលអនាគត ។
លោក Putin មិនត្រឹមតែសរសើរសមិទ្ធផលរបស់ប្រជាជនសូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទីពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកឡើងពីហេតុផលរបស់វិមានក្រឹមឡាំងសម្រាប់ជម្លោះដែលកំពុងបន្តរវាងទីក្រុង Moscow និងKiev ទៀតផង ។ លោក បាន អះអាង ថា រុស្ស៊ីត្រូវតែធ្វើសកម្មភាព ព្រោះការវាយលុក ទ្រង់ទ្រាយធំប្រឆាំង នឹងរបបសាធារណរដ្ឋផ្ដាច់ខ្លួន ក្នុងតំបន់ Donbass ភាគខាងកើត ត្រូវបានគ្រោងទុក ។
លោកពន្យល់ថា យើងបានឃើញហេដ្ឋារចនាសម្ព័ន្ធយោធាកំពុងលាតត្រដាងនៅអ៊ុយក្រែន ទីប្រឹក្សាបរទេសរាប់រយនាក់ចាប់ផ្តើមការងាររបស់ពួកគេ មានការចែកចាយអាវុធទំនើបបំផុតពីប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូជាទៀងទាត់ ។ គ្រោះថ្នាក់កើនឡើងជារៀងរាល់ថ្ងៃ ។
លោក Putin បានដាស់តឿនប្រជាជនរុស្សីឲ្យប្រយុទ្ធ ប៉ុន្តែពុំបានលើកឡើងអំពីផែនការសម្រាប់ការកើនឡើងភាពតានតឹងណាមួយនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ទោះបីជាមានការព្រមានពីលោកខាងលិចថា លោកអាចនឹងប្រើសុន្ទរកថានៅទីលានចតុរង្គក្រហមដើម្បីបញ្ជាឲ្យមានចល័តកម្លាំងទូទាំងប្រទេសក៏ដោយ ។
នៅក្នុងប្រទេសអ៊ុយក្រែន នៅតែមានការប្រយុទ្ធគ្នាឥតឈប់ឈរនៅឡើយ ដោយមានការវាយប្រហារដោយមីស៊ីលដែលបានបំផ្លិចបំផ្លាញអគារនានានៅកំពង់ផែភាគខាងត្បូងទីក្រុង Odesa និងការវាយរុលទៅមុខជាថ្មីពីសំណាក់កងកម្លាំងរុស្ស៊ីដើម្បីកម្ចាត់កងទ័ពអ៊ុយក្រែនចុងក្រោយដែលគ្រប់គ្រងនៅក្នុងរោងចក្រដែកថែបនៅក្នុងទីក្រុង Mariupol ដែលត្រូវបានបំផ្លាញ។
ក្បួនព្យុហយាត្រាប្រចាំឆ្នាំកាលពីថ្ងៃចន្ទនៅទីក្រុង Moscow អមដោយមីស៊ីលផ្លោងបាលីស្ទិក និងរថក្រោះធម្មតា ត្រូវបានគេមើលយ៉ាងច្បាស់បំផុតចាប់តាំងពីការបរាជ័យរបស់ពួកណាស៊ីឆ្នាំ ១៩៤៥ ដែលរុស្ស៊ីតែងប្រារព្ធនាពេលកន្លងមក ។
សូមបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច បានប៉ាន់ប្រមាណដោយបើកចំហជាច្រើនសប្តាហ៍មកហើយថា លោក Putin កំពុងជំរុញកងកម្លាំងរបស់លោកសម្រេចឲ្យបាននូវវឌ្ឍនភាពគ្រប់គ្រាន់ត្រឹមកាលបរិច្ឆេទជានិមិត្តរូប ថ្ងៃទី៩ ឧសភា ដើម្បីប្រកាសជ័យជម្នះក្នុងសង្រ្គាមអ៊ុយក្រែន ៕