ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្រ្គាមអ៊ុយក្រែន៖ ជោគវាសនារបស់ជនស៊ីវិលនិងទាហានអ៊ុយក្រែនស្ថិតក្រោយវាំងននខ្មៅ ខណៈដែលចំនួនអ្នកស្លាប់ចេះតែបន្តកើនឡើងឥតឈប់ឈរ

បរទេស៖ ក្រុមមេដឹកនាំអ៊ុយក្រែនពិនិត្យមើលផែនទីរបស់ពួកគេ ហើយបានមើលឃើញកម្លាំងរបស់ខ្លួនកំពុងជួបប្រទះជោគវាសនាផ្សេងៗគ្នា។ ពួកគេរាយការណ៍ពីដំណឹងល្អ ពីការវាយប្រយុទ្ធគ្នានៅក្នុងភាគឦសាន ប៉ុន្តែទាហានរបស់ខ្លួននៅភាគខាងត្បូងវិញ កំពុងបាត់បង់មូលដ្ឋាន ។
អង្គភាពនានារបស់អ៊ុយក្រែន ជុំវិញទីក្រុង Kharkivបានបើកការវាយប្រហារបកទៅលើទាហានរុស្ស៊ី ហើយក្រុមមេបញ្ជាការរបស់ពួកគេ បាននិយាយថា ពួកគេបានត្រៀម វាយបណ្ដេញកងទ័ពរុស្ស៊ីចេញពីទីក្រុងមួយចំនួន ។


ទាហានរុស្ស៊ីកំពុងរុញច្រានរុលទៅមុខដើម្បីគ្រប់គ្រងតំបន់នានានៅភាគខាងត្បូង ដោយពួកគេបានបាញ់ផ្លោងទៅលើរោងចក្រដែកថែបដែលនៅតែមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយ ។ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែននៅខាងក្នុងរោងចក្រនោះ បានចែករំលែករូបភាពអ្នករបួស និងបានដង្ហោយហៅជំនួយ ខណៈដែលស្ថានភាពរបស់ពួកគេជិតដល់ពេលស្លាប់ ។
កងកម្លាំងរុស្ស៊ីចង់កាត់ផ្ដាច់ច្រកនានា ខណៈពួកគេបានគ្រប់គ្រងតំបន់ជុំវិញសមុទ្រខ្មៅ ដោយក្រុមមន្ត្រីគាំទ្រប្រទេសរុស្ស៊ី បានដណ្ដើមកាន់កាប់តំបន់ Kherson រួចទៅហើយ ។ ពេលនេះ ពួកគេគ្រោងស្នើទៅប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៅដំណាច់ឆ្នាំ ២០២២ ។
លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលលោក Putin បាននិយាយថា ប្រជាពលរដ្ឋតំបន់នោះ គួរតែសម្រេចចិត្តថាតើត្រូវចូលរួមជាមួយរុស្ស៊ី ឬយ៉ាងណា។ លោកថា ការសម្រេចចិត្តទាំងនោះ ត្រូវតែច្បាស់លាស់ស្របតាមច្បាប់ ។
អ៊ុយក្រែនបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរ អំពីជោគវាសនារបស់ជនស៊ីវិល និងក្រុមអ្នកប្រយុទ្ធចុងក្រោយនៅទីក្រុង Mariupol បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្តាហ៍មកហើយ ដែលអភិបាលក្រុងបាននិយាយថា បានប្រែក្លាយវាទៅជាស្ថានភាពដ៏អាក្រក់បំផុតដូចកាលមជ្ឈឹមសម័យ ។
អ្នកស្រី Lyudmyla Denisova អ្នកតាមដានស្ថានភាពសិទ្ធិមនុស្សនៅអ៊ុយក្រែន បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងកាកបាទក្រហម ជួយជម្លៀសក្រុមអ្នកប្រយុទ្ធរងរបួស ដែលបានជាប់ក្នុងរោងចក្រដែកថែបដ៏ធំរបស់ទីក្រុងភាគខាងត្បូងមួយនេះ ដោយអ្នកស្រីបាននិយាយថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យបណ្ដោះអាសន្ននៅទីនោះមានន័យថាមនុស្សជាច្រើនកំពុងតែស្លាប់ជាបន្តបន្ទាប់ ។
អ្នកស្រី បន្តថា ក្រុមវាយប្រហារពុំបានផ្ដល់ឱកាសដល់យោធាដែលរងរបួសឲ្យមានជីវិតរស់នៅនោះទេ ។ ដោយសារតែហានិភ័យនៃការឆ្លងមេរោគ ព្រោះតែគ្មានឧសថសម្លាប់មេរោគ អង់ទីប៊ីយោទិក សម្ភារៈវេជ្ជសាស្ត្រ និងបង់រុំរបួស ក្រុមវេជ្ជបណ្ឌិត ត្រូវប្រឈមនឹងកង្វះខាតសម្ភារៈពេទ្យសម្រាប់វះកាត់របួស សូម្បីតែរបួសស្រាលក៏ដោយ។
ដោយឡែក អង្គការពលកម្មអន្តរជាតិហៅកាត់ថា (ILO) បាននិយាយថា ការងារប្រមាណ ៤.៨លានកន្លែង ត្រូវបានបាត់បង់ ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីចាប់ផ្ដើមវាយប្រហារ កាលពីថ្ងៃទី២៤ខែកុម្ភៈ ស្របពេលដែលជម្លោះ បានបណ្ដាលឲ្យក្រុមហ៊ុនអាជីវកម្មនានា ត្រូវបិទទ្វារ ការនាំចេញជាប់គាំង ហើយនិងបង្ខំឲ្យប្រជាជនរាប់លាននាក់រត់ភៀសខ្លួន ទៅកាន់ប្រទេសជិតខាង ។
អង្គការ ILO បាននិយាយនៅក្នុងការសិក្សាស្រាវជ្រាវថ្មីថា ការបាត់បង់ការងារប្រហែល៣០ភាគរយនៃកម្លាំងពលកម្មរបស់អ៊ុយក្រែន មុនការវាយប្រហារដោយយោធា អាចកើនឡើងដល់ ៧លាន កន្លែង បើសង្រ្គាមនៅតែបន្ត ហើយការងារចំនួន ៣.៤ លានកន្លែង អាចត្រឡប់មកសភាពដើមវិញឆាប់រហ័ស បើមានបទឈប់បាញ់ ។
ក្រុមអ្នកស្ម័គ្រចិត្ដអ៊ុយក្រែនកំពុងបើករថយន្ត និងរថយន្តក្រុងបានប្រញាប់ប្រញាល់ ដើម្បីជួយសង្គ្រោះមនុស្សជាច្រើន ចេញពីទីក្រុងដែលស្ថិតនៅក្រោមការវាយលុកពីកងកម្លាំងរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។
ក្រុមស្ត្រីវ័យចំណាស់ដែលលំនៅឋានរបស់ពួកគាត់ ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងបាននិយាយ ថានឹងមានការបង្ហូរឈាមបន្ថែមទៀតនៅក្នុងស្រុកកំណើតរបស់ពួកគេ Novoselivka ជាកន្លែងដែល មានការបាញ់ផ្លោងមិនឈប់។
គ្រួសារដែលមានទារក និងកុមារតូចៗស្ថិតក្នុងចំណោមអ្នកដែលបានភៀសខ្លួនពីសង្រ្គាមពីទីក្រុង Lyman, Siversk និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ Donetsk ។
ប្រជាជនភៀសខ្លួននិយាយថា វាគួរឱ្យខ្លាចនៅទីនោះនាពេលនេះពួកយើងបានចាកចេញនៅក្រោម មីស៊ីល យើងមិនដឹងថាពួកគេកំពុងតម្រង់ទៅណានោះទេ ប៉ុន្តែពួកគេកំពុងដាក់គោលដៅមកលើ ជនស៊ីវិល។
សង្រ្គាមនេះដែរ អាចបណ្ដាលឲ្យមានកំណើនមនុស្សគ្មានការងារធ្វើកើនឡើង នៅក្នុងប្រទេសជិតខាងនានាដែលកំពុងទទួលជនភៀសខ្លួនរាប់លាននាក់ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៅអាស៊ីកណ្ដាល ខណៈពលករជាជនអន្តោប្រវេសន៍ នៅក្នុងប្រទេសរុស្ស៊ី បានបាត់បង់ការងារ និងវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ។
កងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងនានារបស់អ៊ុយក្រែននៅក្នុងសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំឲ្យមនុស្សជាង ៥ លាននាក់ ដែលភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់ ភៀសខ្លួន ហើយនឹងអាចបណ្តាលឲ្យសេដ្ឋកិច្ចអ៊ុយក្រែនធ្លាក់ចុះយ៉ាងហោចណាស់១ភាគ៣នៅក្នុងឆ្នាំ ២០២២នេះ ។
ប៉ុន្តែយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមកាលពីខែកុម្ភៈ យ៉ាងហោចណាស់មនុស្ស ៧,៧ លាន នាក់បានផ្លាស់ប្តូរ ទីលំនៅក្នុងស្រុក និងជិត ៥.៦ លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីប្រទេស ។
ប្រធានបេសកកម្មតាមដានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអ៊ុយក្រែនលោកស្រី Matilda Bogner បាននិយាយថា ជនស៊ីវិលរាប់ពាន់នាក់បន្ថែមទៀតត្រូវបានសម្លាប់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលនៅតែបន្ត ជាង២ខែមកនេះ ច្រើនជាងចំនួនមនុស្សស្លាប់សរុបផ្លូវការរបស់អង្គការសហប្រជាជាតិ ដែលមានត្រឹម៣.៣៨១ នាក់ ។
លោកស្រី Bogner បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាសប្ដាហ៍នេះថា ជារួមគិតមកទល់ពេលនេះ យើងបានសរុបជនស៊ីវិលដែលរងគ្រោះចំនួន ៧.០៦១នាក់ ក្នុងនោះ ៣.៣៨១នាក់ បានស្លាប់និង ៣.៦៨០នាក់ រងរបួសទូទាំងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមបើកការវាយប្រហារ ។ ទិន្នន័យពិតប្រាកដខ្ពស់ជាងនេះ ហើយយើងកំពុងធ្វើការដើម្បីបញ្ជាក់ពីគ្រប់ឧបទ្ទវហេតុទាំងអស់។
លោកស្រីថា យើងបានកំពុងធ្វើការដើម្បីប៉ាន់ប្រមាណពីចំនួនពិតប្រាកដ ប៉ុន្តែ នៅពេលនេះ ខ្ញុំអាចត្រឹមតែនិយាយថា មានមនុស្សរាប់ពាន់នាក់ស្លាប់ខ្ពស់ជាងចំនួនដែលយើងបានផ្ដល់ឲ្យអ្នកទាំងអស់គ្នានៅពេលនេះ។
ក្រុមការងាររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអ៊ុយក្រែនរួមទាំងក្រុមអ្នកតាមដានស្ថានភាពសិទ្ធិមនុស្សចំនួន៥៥នាក់ បាននិយាយថា ភាគច្រើននៃអ្នកស្លាប់បណ្ដាលមកពីការប្រើគ្រឿងផ្ទុះ ដែលមានវិសាលភាពប៉ះពាល់ខ្លាំង ដូចជាការវាយប្រហារដោយមីស៊ីល និងតាមអាកាសជាដើម ៕