ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកកាសែតបារាំងម្នាក់ ស្លាប់ដោយគ្រាប់បែករុស្ស៊ី នៅតំបន់ដុនបាស់ ក្នុងទឹកដីអ៊ុយក្រែនគ្រប់គ្រង

កៀវ៖ កាលពីច្ងៃច័ន្ទ អ្នកកាសែតបារាំងម្នាក់ ដែលធ្វើការឲ្យទូរទស្សន៍ BFMTV ត្រូវបានសម្លាប់នៅក្នុងសាធារណៈរដ្ឋ លូហាន់ (Luhansk)  ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីរថយន្តរបស់លោក ត្រូវបានគេរាយការណ៍មកថា ត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះរុស្ស៊ី  ហើយឆេះនៅលើដងផ្លូវ។

ករណីស្លាប់អ្នកកាសែតបារាំងរូបនេះ កើតឡើងនៅក្នុងទីក្រុង សេវេរ៉ូដូណែត (Severodonetsk) ដែលបណ្តាប្រទេសលោកខាងលិចទទួលស្គាល់តំបន់នេះថា ជាផ្នែកមួយស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។

ការស្លាប់របស់លោក ហ្វ្រេដឺរិច ឡឺក្លែ (Frederic Leclerc) ត្រូវបានបញ្ជាក់ដោយប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដែលបានសរសេរនៅលើ Twitter ថា អ្នកកាសែតត្រូវបាន «បាញ់សម្លាប់» ខណៈពេលព្យាយាមបង្ហាញ «ការពិត» នៃជម្លោះយោធា នៅលើទឹកដីអ៊ុយក្រែន។

លោក ម៉ាក្រុង បាននិយាយថា អ្នកកាសែតនៅលើរថយន្តក្រុងមនុស្សធម៌ជាមួយជនស៊ីវិល ដែលគេបង្ខំឲ្យភៀសខ្លួនពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

លោកប្រធានាធិបតីបារាំង បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិ និងសហការីរបស់អ្នកាសែត ហើយបានសន្យាថា ការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់បារាំង ដល់អ្នកបំពេញបេសកកម្មដ៏លំបាកដើម្បីធ្វើសេចក្តីរាយការណ៍ពីប្រតិបត្តិការយោធា នៅលើទឹកដីអ៊ុយក្រែន។

ចំណែកក្រសួងការបរទេសបារាំងវិញ បានធ្វើអត្ថាធិប្បាយអំពីការស្លាប់របស់អ្នកកាសែតរូបនេះផងដែរ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងប្រកបដោយតម្លាភាពចំពោះឧបទ្ទវហេតុនេះ។

យោងតាមទូរទស្សន៍ ​​BFMTV បានឲ្យដឹងថា លោក ហ្វ្រេដឺរិច ឡឺក្លែ អាយុ៣២ឆ្នាំ គឺកំពុងធ្វើដំណើរទៅធ្វើសេចក្តីរាយការណ៍ព័ត៌មានលើកទីពីររបស់ខ្លួន នៅតាមសមរភូមិ ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់រុស្ស៊ី ហើយត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកទម្លាប់ពីយន្តហោះចម្បាំង។

ប្រទេសរុស្ស៊ីបានវាយប្រហាររដ្ឋជិតខាង កាលពីចុងខែកុម្ភៈ បន្ទាប់ពីអ៊ុយក្រែន បរាជ័យក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ទីក្រុងមីន (Minsk) ចុះហត្ថលេខាជាលើកដំបូង នៅក្នុងឆ្នាំ២០១៤ ដែលរដ្ឋាភិបាលទីក្រុងមូស្គូ ទទួលស្គាល់សាធារណរដ្ឋ ដុនបាស់ នៃខេត្ត ដូណែត  និងខេត្ត លូហាន់ ជារដ្ឋឯករាជ្យ មិនស្ថិតក្រោមប្រទេសអ៊ុយក្រែន៕