សម្តេចពិជ័យសេនា ទៀ បាញ់៖ ការធ្វើទំនើបកម្មការចាត់ចែងមូលដ្ឋានទ័ពរាមជាសមត្ថកិច្ចរបស់កម្ពុជាហើយនេះបើតាមប្រសាស ន៍សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវាផែសំចតនិងស្ដារឃ្លងនៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការចោទប្រកាន់រឿងដែនសមុទ្ររាមនេះគឺជារឿងដ៏ដែលៗគ្មានអ្វីចម្លែកនោះទេ ហើយការផ្សាយរបស់បណ្ដាញព័ត៌មានបរទេសទាំងនោះវាហាក់ដូចជាការជប់រឿងឡើងតែម្ដង ពីព្រោះវាអត់មានរឿងអ្វីទាល់តែសោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ការចាត់ចែងការរៀបចំការប្រើប្រាស់ការអភិវឌ្ឍនានា គឺជាសមត្ថកិច្ចជាដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចបន្តទៀតថា ការធ្វើទំនើបកម្មនេះ គឺជាជំនួយអភិវឌ្ឍរបស់ចិន ក្នុងការអភិវឌ្ឍដែនសមុទ្ររាមនេះដើម្បីធ្វើឱ្យកងយោពលខេមរភូមិនមានសមត្ថភាព និងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន ការពារដែនដីរបស់ខ្លួន ដូច្នេះគ្មានអ្វីចម្លែកទេ ហើយការអភិវឌ្ឍនេះទៀតសោត គឺជាការចាំបាច់ណាស់។យើងកំពុងមានការខ្វះខាត ដូច្នេះយើងចាំបាច់ត្រូវតែធ្វើការអភិវឌ្ឍ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ការធ្វើទំនើបកម្មលើមូលដ្ឋានទ័ពរាម គឺជាការចាំបាច់បំផុតហើយបន្ទាប់ពីមានការផ្ដល់ជំនួយពីរដ្ឋាភិបាលចិននេះ សម្ដេចមានក្តីសប្បាយរីករាយជាខ្លាំង។
សម្តេចពិជ័យសេនាបញ្ជាក់ទៀតថាការអភិវឌ្ឍបែបនេះពិតណាស់ថា វានឹងធ្វើឲ្យប្រទេសមួយចំនួនគេមិនសប្បាយចិត្ត ហើយករណីនេះមានពីរឿង គឺទី១, កម្ពុជាមានការអភិវឌ្ឍ ក៏ធ្វើឲ្យគេមិនសប្បាយចិត្តដែរ ទី២,ការធ្វើទំនើបកម្មនឹងធ្វើឲ្យគេមានការថមថយឥទ្ធិពល ដែលគេចង់ដាក់ការត្រួតត្រាណាមួយមកលើកម្ពុជា ដូច្នេះគេនៅតែបង្ករឿង បង្កហេតុមិនឈប់ឈរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការដាក់ទណ្ឌកម្មណាមួយ យើងមិនអាចឃាត់គេបានទេស្រេចតែគេ។គេចង់ដាក់លើអ្នកណា ដែលមិនបម្រើផលប្រយោជន៍ឲ្យគេហើយមិនថា តែកម្ពុជា ឬមន្ត្រីជាន់ខ្ពស់កម្ពុជាទេ។ ពាសពេញពិភពលោកគឺគេតែងតែដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ហើយនេះគឺជាអាវុធរបស់គេ ដែលគេតែងតែធ្វើជាបន្តបន្ទាប់ ដូច្នេះសម្តេចមិនមានកង្វល់អ្វីទេ បើយើងទៅហាមគេ ក៏ប្រហែលជាមិនបានដែរ…។
សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថា កម្ពុជាក៏បានប្រឆាំងចំពោះការដាក់ទណ្ឌកម្មនេះដែរ ពីព្រោះការដាក់ទណ្ឌកម្មនេះ គ្មាននាំមកនូវការរីកចម្រើនទេ ទាំងអ្នកដាក់ទណ្ឌកម្ម ទាំងអ្នករងទណ្ឌកម្ម គឺគ្មានការរីកចម្រើនអីទេ មានតែនាំមកនូវការលំបាកដូចតែគ្នា។
ចំណែកលោក ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាន បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាពុំបម្រើឲ្យប្រទេសទី៣នោះទេហើយប្រទេសណាដែលវាយប្រហារទៅលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានទ័ពរាមនេះជាប្រទេសមានបំណងមិនល្អមានបំណងផ្ដេសផ្ដាស ពីព្រោះនៅលើពិភពលោកនេះចិនមិនមែនជាប្រទេស ដែលមានកងទ័ពនៅក្រៅប្រទេសច្រើននោះទេ។
លោក វ៉ាង វិនធាន លើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករាម គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគឺប្រទេសចិននិងប្រទេសកម្ពុជាហើយគម្រោងនេះក៏គោរពច្បាប់កម្ពុជា គោរពច្បាប់អន្តរជាតិផងដែរ។
និយាយដោយត្រង់ទៅ គម្រោងនេះមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែមានប្រទេសមួយចំនួនបានវាយប្រហារ ហើយនិយាយផ្ដេសផ្ដាសពីគម្រោងនេះ ដោយគ្មានហេតុផលអ្វីទាល់តែសោះ។
លោកបន្ថែមទៀតថា “កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ពុំបម្រើឲ្យប្រទេសទី៣ នោះទេ ហើយប្រទេសមួយចំនួនបានវាយប្រហារទៅលើគំរោងនេះ មានបំណងផ្ដេសផ្ដាស”។
និយាយដោយត្រង់ នៅលើពិភពលោកប្រទេសដែលមានកងទ័ពនៅក្រៅប្រទេសច្រើន មិនមែនជាប្រទេសចិនទេ ហើយអ្នកលើកតម្កើងឥទ្ធិពលខ្លួនឯង កិត្យានុភាព និងកម្លាំងរបស់ខ្លួនឯង ក៏មិនមែនប្រទេសចិននោះដែរ”។
ឯកអគ្គរដ្ឋទូតអះអាងថា ថ្ងៃក្រោយទោះជួបនូវសម្ពាធនិងបញ្ហាប្រឈមយ៉ាងណាក៏ដោយប្រទេសទាំងពីរនឹងជំនះនូវឧបសគ្គជាមួយគ្នា ដោយសារគម្រោងទាំងនេះ សម្រាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ។
លោកបញ្ជាក់ថា ប្រទេសចិនមិនចង់ក្លាយទៅជាប្រទេសខ្លាំងនៅលើប្រទេសណានោះទេ ប្រទេសចិនមានវប្បធម៌ប្រពៃណីចង់គ្រប់គ្រងប្រទេសរបស់ខ្លួនឲ្យបានល្អ និងដឹកនាំប្រជាជនប្រទេសខ្លួនឯងឱ្យបានល្អប៉ុណ្ណឹងបានហើយ។ចិនមានបំណងប្រាថ្នាចង់ឲ្យពិភពលោករួមគ្នា និងបានសុភមង្គលនៅលើពិភពលោក។