លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៍ថា ការត្រួតពិនិត្យចំណីអាហារ និងគ្រឿងឧបភោគ បរិភោគកំពុងដាក់តាំងលក់នៅផ្សារតាកែវ និងតាមដេប៉ូលក់ស្របៀរផ្សេងៗនៅក្នុងក្រុងដូនកែវ មន្ត្រីជំនាញបានរកឃើញងៀតបបែល១០គីឡូកន្លះ និងផ្សិតកំប៉ុងធំ២៧កំប៉ុង ដែលហួសកាលបរិច្ឆេប្រើប្រាស់។
លោក ប៉ោ លាងគង់ បន្ថែមទៀតថា បន្ទាប់ពីបានរកឃើញនូវសារធាតុគីមី លើងៀតបបែល និងគ្រឿងកំប៉ុង និងស្រាបៀរហួសកាលបរិច្ឆេទប្រើប្រាស់នោះ មន្ត្រីជំនាញរួមសហការនឹងកម្លាំងសមត្ថកិច្ចផ្សារតាកែវ បានបំផ្លាញចោលនូវទំនិញដែលខូចគុណភាពទាំងនេះចោល មិនឲ្យលក់នៅលើទីផ្សារតទៅទៀត ព្រមទាំងធ្វើកិច្ចសន្យាជាមួយនឹងក្រុមអាជីវករទាំងនេះ កុំឲ្យមានលើកក្រោយទៀត ប្រសិនបើមានទៀត រូបលោកនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ។
លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានអំពាវរនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវតែដាក់លក់ចំណីអាហារ និងគ្រឿងកំប៉ុង ដែលមានសុវត្ថិភាពខ្ពស់ អនាម័យល្អ និងមិនហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវឧស្សាហ៍ត្រួតពិនិត្យពីកាលបរិច្ឆេទប្រើប្រាស់ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ចំពោះអ្នកប្រើប្រាស់ ៕