លោក LE BIEN CUONG បានប្រគល់ជូនលោកមរដ្ឋមន្ត្រី នូវលិខិតជូនពររបស់រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ។ លោក ស៊ុយ សែម បានស្នើវៀតណាម បន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីជួយសម្រួលតម្រូវការ នាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ត្រីស៊ុយ សែម បានស្នើឲ្យរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សូមជួយគាំទ្រនូវសំណើរបស់កម្ពុជា តាមរយៈអគ្គិសនីកម្ពុជា ឲ្យជួយបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ចំនួន៥០មេហ្គាវ៉ាត់បន្ថែមទៀត តាមច្រកចូវដុក ដើម្បីដោះស្រាយនូវការខ្វះខាតនាពេលបច្ចុប្បន្ន និងបានស្នើឲ្យវៀតណាម បង្កើនការទម្លាក់ទឹក នៅតាមបណ្តាវារីអគ្គិសនីទាំង១៤ ផែ្នកខាងវៀតណាម ដើម្បីឲ្យវារីអគ្គិសនីសេសានក្រោម២ របស់កម្ពុជាអាចមានទឹកបន្ថែម ក្នុងការបង្កើនការផលិតថាមពលអគ្គីសនី។ ជាកិច្ចឆ្លើយតប លោកទីប្រឹក្សាពាណិជ្ជកម្ម បានស្វាគមន៍ ហើយនឹងធ្វើរបាយការណ៍ការស្នើសុំនេះ ទៅកាន់រដ្ឋាភិបាលវៀតណាម។
សូមរម្លឹកថា ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជាយើង ជួបបញ្ហាខ្វះចរន្តអគ្គិសនី ប្រមាណ ៤០០ មេហ្គាវ៉ាត់ ដោយសារតែអាកាសធាតុក្តៅហួតហែង បណ្តាលឲ្យវារីអគ្គិសនីទាំងអស់ ខ្វះទឹក សម្រាប់ផលិតថាមពលអគ្គិសនី។
មកដល់ពេលនេះ រាជរដ្ឋាភិបាល បានទាក់ទងប្រទេសជិតខាង ឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនី ដែលក្នុងនោះ ថៃបានព្រមព្រៀងបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែម ចំនួន ៨០ មេហ្គាវ៉ាត់ ប្រទេសឡាវ បង្កើន ១០ មេហ្គាវ៉ាត់ និងវៀតណាម កំពុងចរចា៕