មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យមានការចូលរួមទិញផលិតផលខ្មែរដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មវិស័យការងារជូនប្រជាពលរដ្ឋទាំងប្រទេស ជាពិសេសជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស។
នៅថ្ងៃទី៨ ខែមិនាឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការ ដើម្បីអភិវឌ្ឍន៍និងលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យមដូចជាការបង្កើតធនាគារ ការចងក្រងមូលនិធិសហគ្រិនភាព និងការលើកទឹកចិត្តផ្នែកពន្ធដា និងគយជាដើម។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍បែបនេះក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ យើងគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរ និងយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៤ ។
ដើម្បីបង្ហាញពីភាពរីកចម្រើននៃផលិតផលខ្មែរ ក្នុងក្របខណ្ឌអត្តសញ្ញាណ វប្បធម៌ប្រពៃណី ប្រកបដោយភាពច្នៃប្រឌិត ដែលជាស្នាដៃប្រជាសហគមន៍ ផលិតករ សេវាករ និងសិប្បករ ដោយផ្អែកលើសក្តានុពលធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា នេះមានការចូលរួមពីសហគ្រាស និងសិប្បកម្មក្នុងស្រុកមកពីរាជធានី-ខេត្តនៃប្រទេសកម្ពុជា ចំនួន១២០ស្តង់ និងមានមុខទំនិញជាច្រើនមុខដូចជា៖ គ្រឿងចម្លាក់ អង្ករ ផ្លែឈើ បន្លែសរីរាង្គ ផលិតផលធ្វើពីឬស្សី ស្រាទឹកត្នោត ស្រាចេក ត្បូង សូត្រខ្មែរ ម្ហូបខ្មែរ ទឹកផ្លែឈើ ម្រេច ទឹកតី្រ និងក្រឡាន។ល៕