យោងតាមរបាយការណ៍របស់សមត្ថកិច្ច ខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ HOFER PETER ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមពាក្យបណ្តឹងរបស់តំណាងធនាគារ ABA មានភស្តុតាងកាមេរ៉ាវីដេអូផងនោះជនសង្ស័យខាងលើត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីយកក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយទៅបន្លំនៅក្នុងទូ ATM ក្នុងធនាគារ ABA មានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ១៣៦ កែងផ្លូវ៥៣ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដកហូតបានវត្ថុតាងក្រដាសប្រាក់ក្លែងក្លាយ ១០០ដុល្លារ ចំនួន ០១សន្លឹក,ក្រដាសប្រាក់ដុល្លារចំនួន ១១៦ដុល្លារ និងក្រដាសប្រាក់បាតចំនួន ៥,២៤០បាត,ក្រដាសប្រាក់រៀលចំនួន ២ម៉ឺនរៀល, លិខិតឆ្លងដែន ចំនួន ១ក្បាល,ទូរស័ព្ទដៃម៉ាក Xiami ព័ណ៌ខ្មៅចំនួន ១គ្រឿង,កាត ATM ចំនួន ០៤សន្លឹក និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត៕