ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទុកពេល៣ខែឱ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ទៅរៀន និងប្រឡងយកបណ្ណបើកបរ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា អ្នករត់ម៉ូតូឌុបប្រមាណជា ៩៨ភាគរយមិនទាន់មានបណ្ណបើកបរនៅឡើយនោះទេ។ ដូចនេះក្រសួងនឹងចាត់វិធានការបង្ខំឱ្យអ្នករត់ម៉ូតូកង់បីទៅរៀនច្បាប់ចរាចរណ៍ និងប្រឡងយកបណ្ណបើកបរ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលបណ្តាលមកពីការមិនយល់ដឹងពីច្បាប់ចរាចរណ៍ក្នុងពេលបើកបររបស់ពួកគេ៕