សៀមរាប ៖ ក្រសួងទេសចរណ៍នឹងមានគម្រោងរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដើម្បីទាក់ទាញថ្មីមួយទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ។
ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តំបន់ភ្នំគូលែនរបស់ខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិរួចទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ។ ប៉ុន្តែមិនទាន់មានការរៀបចំទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថា «នៅទីនោះសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល ។
លោករដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការមានបំណងចង់ប្រែក្លាយតំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀត ពិសេសគឺចង់រៀបចំបន្ថែមឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតដូចជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅតំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។
គណៈកម្មការអន្តរក្រសួងនេះ បានឯកភាពនារៀបចំផែនការមេអភិវឌ្ឍន៍នៅគោលដៅទេសចរដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍រយៈពេលខ្លី៥ឆ្នាំ (២០១៨-២០២៣) ផែនការជំរុញការរៀបចំកសាងហេដ្ឋរចនាសម្ព័ន្ធរឹងនៅទីក្រុងសៀមរាប ដែលមានជាអាទិ៍ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។
ក្រសួងទេសចរណ៍បានណែនាំឱ្យកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ (Tourism Leakage) ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស ដោយត្រូវជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។
លើសពីនេះ ការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិដើម្បីធានាផលប្រយោជន៍អតិបរមាពិសេស ការត្រៀមលក្ខណះទទួលទេសចរចិនដែលនឹងមានកំណើន យ៉ាងច្រើនជារៀងរាល់ឆ្នាំ ដោយត្រូវអនុវត្តន៍ឲ្យបានល្អ តាមសៀវភៅស្តីពី «China Ready» និងយុទ្ធសាស្រ្តទីផ្សារដោយឡែកសម្រាប់ភ្ញៀវទេសចរចិន៕