ភ្នំពេញ: លោក ហេង សួរ និងសហការីនៃក្រុមការងារយុវជនទទួលបន្ទុកប្រទេសជប៉ុនបានចូលគោរពវិញ្ញាណក្ខ័ន្ធលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុននៅឯនិវាសដ្ឋានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។
សារជាថ្មីម្តងទៀត លោក ហេង សួរ បានលើកឡើងថា តាមរយៈ លោក ឯកអគ្គរដ្ឋទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ យើងខ្ញុំ សូមសម្តែងនូវក្តីរន្ធត់ និងសូមសម្តែងសមាណចិត្តចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់ លោក ស៊ីនហ្សូ អាបេ និងប្រជាជនជប៉ុន ចំពោះការបាត់បងរដ្ឋបុរសដ៏ឆ្នើមមួយរូបនៃជប៉ុន ដោយករណីឃាតកម្មកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។
លោកបន្ថែមថា “យើងខ្ញុំចងចាំជានិច្ចនូវកាយវិការ និងផ្លែផ្កាដ៏មានតម្លៃរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ ក្នុងការរឹតចំណងសាមគ្គីភាពជាមួយកម្ពុជា និងជួយដល់ប្រជាជនកម្ពុជា ។យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។