ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការកម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា

(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការ​កម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងឯកសារគតិយុត្ត។
កម្មវិធីនេះរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មាធិការ ជាតិការពារអ្នកប្រើប្រាស់។
សិក្ខាសាលានេះ មានការចូលរួមពី អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកប្រធានក្រុមការងារអាស៊ាន​នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GI Z)ប្រចាំកម្ពុជា។
តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ ក្នុងតំបន់អាស៊ាន» (PROT ECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC)តំណាងអង្គការជាតិនិងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវ​មកពីសាកលវិទ្យាល័យនានាតំណាងវិស័យឯកជន តំណាងវិស័យសារព័ត៌មាននិងមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានអ្នកចូលរួម​តាមប្រព័ន្ធវីដេអូផងដែរ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការ​កម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារ គតិយុត្តផ្សេងៗទៀត ដែលត្រូវបានរៀបចំឡើងបន្ទាប់ពីច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តក្រោមច្បាប់មួយចំនួនត្រូវបាន អនុម័តដាក់ឱ្យប្រើប្រាស់​ជាបន្តបន្ទាប់។
កម្មវិធីនេះមានសារៈសំខាន់ជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធកសាងនូវគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្ត សម្រាប់អង្គភាពរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
ក្នុងបរិបទនេះ ច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និង បទប្បញ្ញត្តិជាច្រើនត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ផងដែរ។