នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (ក.ជ.អ.ច.)នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន និងអង្គការដៃគូ ដើម្បីពង្រឹងការអនុវត្តការងារគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅបន្ទប់ប្រជុំទុង ទីស្ដីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះមានការចូលរួមពីដៃគូអនុវត្តគម្រោងកាំប៉ាស់ រួមមានតំណាងនាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងរដ្ឋបាលជលផល តំណាងរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី និងតំណាងអង្គការដៃគូ រួមមាន៖ អង្គការ WWF, WCS, BirdLife, ERECON និង អង្គការ Live and Learn Cambodia សរុបចំនួន២៦នាក់។
តាមរយៈកិច្ចប្រជុំនេះ ដៃគូអនុវត្តទាំងអស់បានធ្វើបទបង្ហាញពីផែនការសកម្មភាពអនុវត្ត លទ្ធផលសំខាន់ៗដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងបានពិភាក្សាពីយន្តការអនុវត្តរួមគ្នារវាងក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ដើម្បីសម្រេចសមិទ្ធផលរំពឹងទុកគម្រោង និងគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា៕