ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៩ខែកក្ដដានេះបានអះអាងក្នុងសន្នីសិទកាសែតថា ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្ដេជ្ញាក្នុងការទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូល ខណៈដែលនៅកម្ពុជាការចិញ្ចឹមជ្រូក។
លោកបានថ្លែងទៀតថា ជាពិសេសការចិញ្ចឹមលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាការបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃមុខរបរប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី សម្ដេចតែងបានក្រើនរំលឹកឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធជំរុញទាំងផ្នែកបច្ចេកទេស និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលនឹងជំរុញលើកកម្ពស់ដល់សេដ្ឋកិច្ចជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ សំដៅកាត់បន្ថយភាពក្រីក្រ និងបង្កើនមុខរបរដល់ប្រជាពលរដ្ឋ។
ចំណែក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រនូវចំណាត់ការនេះ ដោយលើកឡើងថា ក្នុងនាមបងប្អូនប្រជាកសិករប្រកបចិញ្ចឹមសត្វនៅទូទាំងប្រទេស សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនប្រជាកសិករ ។
សមាគមខាងលើលើកឡើងថា សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្ដីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន គ្រប់ផ្នែក ដែលបានលះបង់អស់កម្លាំងកាយចិត្ត ធនធាន ពេលវេលា ដើម្បីបម្រើផលប្រយោជន៍ លើកស្ទួយជីវភាពរស់នៅ និងមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស ។