ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រចំពោះគម្រោងវិនិយោគរបស់ប្រតិភូធុរជនចិននៃខេត្តសានស៊ី ចង់បង្កើតរោងចក្រផលិតសម្ភារសិក្សា និងកីឡានៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជាពិសេសវិស័យអប់រំជាតិ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូធុរជនចិនខេត្តសានស៊ី ដឹកនាំដោយលោក វ៉ាង លីពីង (Wang Liping) ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងជាលេខាធិការគណៈកម្មការបក្សនៃសភាប្រជាជនទី១២ ។កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសក្តានុពលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយគាំពារវិនិយោគ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។
លោកបានបញ្ជាក់ថា កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩កំពុងធ្វើប្រតិបត្តិការ សម្រាប់ផ្តល់ឱ្យវិនិយោគិនបើករោងចក្រ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញ៩ឆ្នាំ អាចគ្រប់គ្រងភាគហ៊ុន ១០០ភាគរយ ហើយអាចនាំចេញផលិតផលទៅកាន់ទីផ្សារក្នុងតំបន់(អាស៊ាន) សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្រោមកម្មវិធីអនុគ្រោះពន្ធថែមទៀត។
លោក វ៉ាង លីពីង និងសហការី នឹងគាំទ្រគម្រោងវិនិយោគខាងលើ និងបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកវ៉ាង លីពីង បានសន្យាថា នឹងពិនិត្យលទ្ធភាពពង្រីកការវិនិយោគមកកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ នៅក្រោមក្របខ័ណ្ឌខ្សែក្រវាត់១ និងផ្លូវ១ សំដៅរួមចំណែកបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល កម្ពុជា៕