លោកឧត្តមសេនីយ៍ឯក ស ថេត បានឲ្យដឹងថា កិច្ចការសម្រេចទៅបាន ដោយមានការអនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋានបឹងកេងកង។ បច្ចុប្បន្ន មនុស្ស និងសម្ភារះ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្លឹបកម្សាន្ត ម៉ៃ អាមី ជាក្លឹបកម្សាន្តទី២ហើយ នៅក្នុងរាជធានីភ្នំពេញ ដែលលោកឧត្តមសេនីយ៍ឯក ស ថេត បានដឹកនាំកម្លាំងចុះបង្ក្រាបទាំងកណ្តាលអាធ្រាត្រ ពាក់ព័ន្ធនឹងគ្រឿងញៀន។ថៅកែក្លឹបកម្សាន្ត ម៉ៃ អាមី មិនត្រូវបានប៉ូលិសអះអាងថា ត្រូវបានចាប់ខ្លួន ឬក៏យ៉ាងណានោះទេ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានដឹកនាំកម្លាំងសមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅក្លឹបកម្សាន្ត រ៉ុក ជាប់សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ។
ចំណែក ថៅកែក្លឹបកម្សាន្ត រ៉ុក លោកឧកញ៉ា គិត ធាង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារ៕