លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានលើកឡើងថា លោកមិនបានឆ្លើយតបនឹងលោកខឹម វាសនា ដែលហ៊ានទាំងប្រើពាក្យជេរប្រមាថរូបលោកថែមទៀតនោះ ដោយសារតែលោកមិនចង់ធ្លាក់ចូលក្នុងអន្ទាក់នយោបាយលោកខឹម វាសនា។ លោកថាអ្វីដែលលោកខឹម វាសនាចង់បាន គឺចង់ផ្ទេររឿងអបិយជំនឿទៅជារឿងនយោបាយ ដោយចង់ឱ្យរដ្ឋាភិបាលប្រើកម្លាំងចាប់ខ្លួនលោក នោះនឹងធ្លាក់ចូលអន្ទាក់នយោបាយតែម្ដង។ ដូច្នេះទើបលោកបានបញ្ជាឱ្យកងកម្លាំងទាំងអស់សូមកុំធ្វើអន្ដរាគមន៍ឱ្យសោះ។ លោកនាយករដ្ឋមន្ដ្រីថ្លែងបែបនេះនៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរនៅភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ម្យ៉ាងវិញទៀតប្រមុខរាជរដ្ឋាភិបាលបន្ដថា មូលហេតុដែលមិនធ្វើសកម្មភាពក្នុងពេលកន្លងមក ក៏ព្រោះតែលោកខឹម វាសនាមិនបានអំពាវនាវឱ្យពលរដ្ឋងើបឡើងផ្ដួលរំលំរដ្ឋាភិបាល មិនបានអំពាវនាវឱ្យកងទ័ពងាកប្រឆាំងរដ្ឋាភិបាល និងមិនបានស្នើឱ្យបរទេសកាត់ជំនួយពីកម្ពុជា ដូចបុគ្គលមួយចំនួននោះទេ។ ផ្ទុយទៅវិញលោកខឹម វាសនាត្រឹមតែនិយាយទៅតាមរឿងអបិយជំនឿរបស់លោកប៉ុណ្ណោះ។ យ៉ាងណាមិញ ករណីយករឿងអបិយជំនឿមកលេងបែបនេះ លោកខឹម វាសនានឹងចាញ់ ប្រសិនបើមិនមានបាតុភូតកើតឡើងដូចលោកនិយាយ ដោយសារធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាអ្នកមានជំនឿលើលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមិនរំសាយ ឬបំបែកការជួបជុំប្រមូលផ្ដុំគ្នានៅដីចម្ការរបស់ប្រធានគណបក្សរូបនេះ នៅតំបន់ភ្នំគូលេនខេត្ដសៀមរាបនឹងអាចប្រឈមការអនុវត្តវិធានរដ្ឋបាល ព្រោះល្មើសទៅនឹងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបថ្លែងប្រាប់វិទ្យុវាយោនៅថ្ងៃទី៣០ ខែសីហា។
មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តសៀមរាបក៏បានចេញសេចក្ដីជូនដំណឹងមួយផងដែរ ដោយបញ្ជាក់ថា ការឃោសនារបស់លោកខឹម វាសនា ទាក់ទងនឹងអភូតហេតុគ្រោះទឹកជំនន់លិចទូទាំងពិភពលោក(រួមទាំងកម្ពុជា) ជាការឃោសនាប្រជាភិថុតបែបអបិយជំនឿ និងប្រាសចាកពីការពិត។ រដ្ឋបាលខេត្តនេះបានណែនាំដល់ប្រជាពលរដ្ឋទាំងក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋនៅរាជធានី-ខេត្តផ្សេងៗកុំឱ្យជឿការឃោសនា និងណែនាំឱ្យវិលត្រឡប់ទៅលំនៅឋានវិញកុំមកប្រមូលផ្ដុំគ្នាទៀត។ ទាក់ទងនឹងប្រជាពលរដ្ឋដែលទៅប្រមូលផ្ដុំតាមការអំពាវនាវរបស់លោកខឹម វាសនា តាមតួលេខបញ្ជាក់កន្លងមកមានប្រមាណជាង១៥,០០០នាក់៕