លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សហរដ្ឋអាម៉េរិក
(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ លោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិកប្រចាំរដ្ឋ West Virginia ក្នុងគោលបំណង ឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្ពុជាប្រមាណជាង ៣លានដូស ដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាពិសេសការត្រៀមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅសៀមរាប នាពេលខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ដែលមានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីត-១៩ ក៏ដោយ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសមាជិកសភាសហរដ្ឋអាម៉េរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន៖ បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។
ជាការឆ្លើយតប លោកជំទាវ និង ឯកឧត្តមសមាជិកសភាសហរដ្ឋអាម៉េរិក បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាម៉េរិកអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវគណៈប្រតិភូ បានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕







