ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ និងម្ហូបអាហារ នៅរាជធានីភ្នំពេ

ភ្នំពេញ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ និងម្ហូបអាហារ ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈ និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅទូទាំងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោក លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈប្រមាណ១៩០នាក់ និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារចំនួន ១២០នាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបថាគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបញ្រ្ជាបការយល់ដឹងផ្នែកច្បាប់ សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។

សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាមន្ត្រីអនុវត្តច្បាប់ និងធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ក្នុងការផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពរដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ ការការពារសុខុមាលភាពប្រជាពលរដ្ឋ និងជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ។ ការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព នឹងជំរុញមានការការពារដល់សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។