ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ថៃឡង់សម្រេចបានទំហំពាណិជ្ជកម្ម៧ប៊ីលានដុល្លារអាមេរិក

កម្ពុជា-ថៃឡង់សម្រេចបានទំហំពាណិជ្ជកម្ម៧ប៊ីលានដុល្លារអាមេរិកនៅត្រឹមត្រីមាសទី៣ឆ្នាំ២០១៨

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃឡង់ដ៏បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមបំណាច់ខែតុលាឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាលគ្រោងបង្កើនទំហំពាណិជ្ជកម្មឱ្យបានដល់១៥ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២០។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃឡងដ៏នឹងបន្តកើនឡើងថែមទៀតហើយឈានទៅសម្រេចតាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

លោករដ្ឋមន្ត្រីក៏បានអះអាងប្រាប់លោកឯកអគ្គរាជទូតថៃថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃឡង់ដ៏ ជាពិសេសក្នុងពេលដែលប្រទេសថៃឡង់ដ៏ធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើឱ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP)​ អាចបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំក្រោយ ដើម្បីធានាការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោករដ្ឋមន្ត្រីក៏បានសម្តែងនូវការអបអរសាទរ ដល់រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រថៃឡង់ដ៏ដែលកំពុងប្រារព្ធបុណ្យជាតិទូទាំងប្រទេស ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់អតីព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលមានគុណូបការៈយ៉ាងលើសលុប និងទទួលបានការគោរពស្រឡាញ់ពីសំណាក់ប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈ។

លោក ផាន់យ៉ារ៉ាក់ ប៉ុលធូប ឯកអគ្គរាជទូតក៏បានសន្យាបន្តពង្រីកការតភ្ជាប់ព្រំដែនរវាងកម្ពុជានិងថៃឡង់ដ៏និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក៏ដូចជាការបង្កើតនិងអភិវឌ្ឍន៍វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនិងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដោយប្រើប្រាស់មូលនិធិរបស់ម្ចាស់ក្សត្រី មហាចក្រី ស៊ូរិនដន (Maha Chakri Sirindhorn)។