កសរប្រកាសនេះធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចទៀតដល់អាជ្ញាធរ និងនគរបាលយុត្តិធម៌ទាំងអស់ កុំចេះតែចាប់ដាក់ពន្ធនាគារ នូវអ្នកដែលមានជម្លោះដីធ្លីលឿនពេក តែត្រូវពិនិត្យ លើបញ្ហាឲ្យបានច្បាស់លាស់ជាមុនសិន ។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំចង់ដឹងថា អាហ្នឹងរឿងពិត ឬមិនពិត យើងមិនខ្លាចឱ្យមនុស្សនឹងអនុវត្តតាមច្បាប់។ អស់លោក កុំអាងមានស័ក្តិ ខ្ញុំ សូមព្រមាន ប្រាប់អស់លោកឱ្យហើយ កុំថា អស់លោកពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏ខ្ញុំដកចេញបានដែរ ផ្នែកនគរបាលយុត្តិធម៌» ។
ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា អ្នកទទួលបន្ទុកជានគរបាលយុត្តិធម៌ កុំងងឹតងងុលអីញ្ចឹង។ បើសិនចេះតែចាប់ខ្លួន អ៊ីចឹងនឹងដាក់ពន្ធនាគារពេញអស់ហើយ ។
សម្តេចនាយករដ្ឋមន្ដ្រី ក៏កំពុងតាមដានរឿងបោកលុយជាង ៣៦លានដុល្លារ រឿងលក់ដីខ្យល់ ដោយក្នុងនោះមានទាំងការចាប់បុគ្គលិកទូរទស្សន៍បាយ័នមួយរូប ថា ពាក់ព័ន្ធ ខណៈដែលបុគ្គលិកនោះ ជាមនុស្សក្រីក្រ ទើបសម្តេចប្រតិកម្ម ឲ្យតាមដានរឿងនេះ ឲ្យដិតដល់ និងបញ្ជាឲ្យកម្លាំងគ្រប់ប្រភេទ កុំអី អាងចាប់ចង មនុស្សពាក់ព័ន្ធបញ្ហាដីធ្លី ព្រោះជារឿងរដ្ឋប្បវេណី ។