ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចពិជ័យសេនា ​ទៀ បាញ់ នឹងអញ្ជើញ​​សម្ពោធ​​ទីលានផ្នូរយុទ្ធជនពលីជីវិតនាសម័យសង្គ្រាមក្នុង​​ខេត្តកោះកុងនាពេលឆាប់ៗ​​ខាងមុខនេះ​​

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានបញ្ជាក់កាលពី​​ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ​​ថា ទីលានផ្នូរយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម នៅខេត្តកោះកុងបានសាងសង់រួចជាស្ថាពរ ហើយគ្រោងសម្ពោធ និងធ្វើបុណ្យឆ្លងតាមបែបសាសនា និងរៀបចំអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧នាក់។
នាយឧត្តមសេនីយ៍ យន្ត មីន បន្តទៀតថា​​ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ថ្លែង​​ថា ការសាងសង់ទីលានផ្នូរយុទ្ធជនពលីនាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាដើម។
នាយឧត្តមសេនីយ៍ យន្ត មីន លើក​ឡើ់ងទៀតថា ​តាមការគ្រោងទុក ​គឺយើងមានកម្មវិធីចំនួន២ គឺកម្មវិធីសាសនា និងកម្មវិធីរដ្ឋ។ កម្មវិធីសាសនា ថ្ងៃទី១៧ គឺជាថ្ងៃរំដោះខេត្តកោះកុង (១៧ មករា ១៩៧៩) អ៊ឹចឹង គឺយើងយកថ្ងៃរំដោះខេត្តកោះកុង ជាថ្ងៃសម្ពោធទីលានផ្នូរយុទ្ធជន និងរៀបចំពិធីអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា តែម្តង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​។
នៅក្នុងពិធីនេះដែលក៏មានការផ្ទេរ ប្រគល់ទីលានផ្នូរអតីតយុទ្ធជនពលីជីវិតសម័យសង្គ្រាមនេះ ជូនរដ្ឋបាលខេត្តកោះកុង ជាអ្នកគ្រប់គ្រងបន្ត។
នាយឧត្តមសេនីយ៍ យន្ត មីន រំលឹក​​ថា ដោយសារតែមានការលះបង់ជីវិតរបស់អតីតយុទ្ធជនពលីនេះហើយ ដែលជាចំណែកមួយធ្វើឱ្យខេត្តកោះកុង និងប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនផ្សេងៗទៀតជាដើម។ទីលានផ្នូរយុទ្ធជនពលីជីវិតនេះនឹងក្លាយជាទីកន្លែងគោរពបូជាពិសំណាក់ប្រជាពលរដ្ឋមានជំនឿ និងក្លាយជាកន្លែង សម្រាប់ប្រជាពលរដ្ឋនៅជិតទីលានផ្នូរនេះ ហាត់ប្រាណជាដើម។
នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវដល់បងប្អូនដែលបានបាត់សាច់ញ្ញាតិអញ្ជើញទៅរក និងទៅធ្វើបុណ្យឧទ្ទិសកុសលជូនពួកគាត់ ខណៈសពដែលបានបញ្ចុះនៅក្នុងទីលាននោះ គឺបានបញ្ជាក់ឈ្មោះ និងភូមិឃុំ ដែលពួកគាត់បានរស់នៅផងដែរ។ដោយឡែក​ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ គឺបានសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធទាំងកូនកាត់បែបបុរាណ និងសម័យ បន្ថែមពីនេះក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩។​​
ទីលានផ្នូរយុទ្ធជនពលី ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕