ភ្នំពេញតុលាការកំពូលកាលពីថ្ងៃទី១៣ ខែមករាមករាឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់មន្ត្រីយោធាផ្កាយ២ ម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ ជិត ១លានដុល្លារអាមេរិកប្រព្រឹត្តនៅ រាជធានីភ្នំពេញកាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ជា នុសិទ្ធិ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរជាមន្រ្តីយោធា ( មានតួនាទីជាឧត្តមសេនីយ៍ទោ ឬ ផ្កាយពីរ) នៃក្រសួងការពារជាតិ ។
លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះជនជាប់ចោទ ឈ្មោះ ជា នុសិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២០ផ្តន្ទាទោសដាក់គុកកំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន០៣លានរៀល និង បង្គាប់ឲ្យសងជម្ងឺចិត្តរបស់ដើមបណ្ដឹង ចំនួន ៤ម៉ឺនដុល្លារ ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់។
ជនជាប់ចោទឈ្មោះ ជា នុសិទ្ធិ បានប្តឹងរឧទ្ទរណ៍តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានតម្កល់ទណ្ឌកម្ម របស់គាត់ដដែល។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល ទៀត។
ជនជាប់ចោទឈ្មោះ ជា នុសិទ្ធិ ត្រូវបានចាប់ឃាត់ខ្លួនតាមដីកា តុលាការ នៅក្នុងឆ្នាំ២០២០ និង ដោយយោងតាមពាក្យបណ្តឹងរបស់ ភាគីដើមបណ្ដឹង ។ក៏ប៉ុន្តែក្រោយមកជនជាប់ចោទ ត្រូវបានដោះលែង ឱ្យស្ថិតនៅក្រៅឃុំ បណ្តោះអាសន្ន រហូតដល់សព្វថ្ងៃនេះ។
សំណុំរឿងក្តីនេះតុលាការកំពូលបានលើកពេលប្រកាសសាលដីកា ទៅធ្វើ នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៣៕
ដោយ: ទេព ច័ន្ទ