ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ច្រើនពេក ជុំវិញជំនួយដល់អ៊ុយក្រែន

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដែលកំពុងប្រឈមមុខនឹងការរិះគន់ ជុំវិញគម្រោងដ៏ធំដើម្បីធ្វើទំនើបកម្មយោធា និងសម្រាប់ការឆ្លើយតបដ៏រអាក់រអួលរបស់ប៊ែរឡាំងចំពោះសង្រ្គាមអ៊ុយក្រែននោះ បានលាលែងពីតំណែងហើយ។

លោកស្រី គ្រីស្ទីន ឡាមប្រេច (Christine Lambrecht) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃចន្ទថា «អស់រយៈពេលជាច្រើនខែកន្លងមកហើយ ប្រព័ន្ធផ្សព្វផ្សាយផ្តោតតែលើបុគ្គលរបស់ខ្ញុំ»
អំពីយោធា និងគោលនយោបាយសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់។

លោកស្រីបាននិយាយទៀតថាថា «ការងារដ៏មានតម្លៃរបស់ទាហាន និងមនុស្សជាច្រើននៅក្នុងក្រសួងរបស់ខ្ញុំត្រូវតែជាការងារមានអាទិភាពបំផុត»។

សម្ពាធលើលោកស្រីរដ្ឋមន្ត្រីការពារជាតិ បានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីសារវីដេអូក្នុងពេលចូលឆ្នាំថ្មីរបស់លោកស្រី ត្រូវប្រជាជនអាល្លឺម៉ង់ចាត់ទុកថា មិនត្រឹមត្រូវ។

បង្ហោះនៅលើ Instagram សារនេះបង្ហាញពីការនិយាយរបស់លោកស្រី ដែលមិនអាចទទួលយកបាន ខណៈអ្នកចូលឆ្នាំសកលបានអបអរជាមួយនឹងការបាញ់កាំជ្រួចនៅពីនៅលើដងផ្លូវ ក្នុងទីក្រុងប៊ែរឡាំង។

លោកស្រី គ្រីស្ទីន ឡាមប្រេច បាន​និយាយ​បែបលេងសើចអំពីកាំជ្រួចថា​ «​សង្គ្រាម​កំពុង​ផ្ទុះ​ឡើង​នៅ​កណ្តាល​ទ្វីបអឺរ៉ុប​។ ជាមួយនោះដែរ សម្រាប់ខ្ញុំ គឺមានចំណាប់អារម្មណ៍ពិសេសជាច្រើន ដែលខ្ញុំអាចទទួលបាន គឺការប្រជុំជាច្រើនជាមួយមនុស្សដ៏គួរឱ្យចាប់អារម្មណ៍ និងពូកែអស្ចារ្យ»។

អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់ បាននិយាយថា លោក អូឡាហ្វ សូល (Olaf Scholz) បានទទួលយកពាក្យសុំលាលែងពីតំណែងរបស់លោកស្រីរួចហើយ និងត្រូវប្រកាសអ្នកបន្តតំណែងក្នុងពេលឆាប់ៗនេះ។

ស្ត្រីវ័យ៥៨ឆ្នាំរូបនេះ បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់តាំងពីលោក អូឡាហ្វ សូល បានក្លាយជាអធិការបតីអាល្លឺម៉ង់ ក្នុងខែធ្នូ ឆ្នាំ២០២១។ អ្នកទាំងពីរ គឺជាសមាជិកនៃគណបក្សសង្គមប្រជាធិបតេយ្យរបស់ប្រទេសអាល្លឺម៉ង់។

លោកស្រីត្រូវបានគេរិះគន់ចំពោះឧប្បត្តិហេតុជាច្រើន រួមទាំងការពិពណ៌នាអំពីការប្រគល់មួកដែកសម្រាប់យោធាចំនួន៥ ០០០មួក ពីអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០១៊២២ថា នេះជាសញ្ញាច្បាស់ណាស់ថាអាល្លឺម៉ង់នៅជាមួយអ៊ុយក្រែន។

បីខែក្រោយមក លោកស្រីរដ្ឋមន្ត្រីការពារជាតិ បាននាំកូនប្រុសអាយុ២១ឆ្នាំ តាមទៅជិះឧទ្ធម្ភាគចក្រយោធា។ ការ​ធ្វើ​ដំដំណើរោះ បានក្លាយ​ជា​រឿង​អាស្រូវ​បន្ទាប់​ពី​លោក​ស្រីបាន​បង្ហោះ​រូប​ថតមួយ​សន្លឹក​ទៅ​លើ Instagram។

នៅពេលនោះក្រសួងការពារជាតិអល្លឺម៉ង់ បាននិយាយថា លោកស្រីបានសុំការអនុញ្ញាតជាមុនរួចហើយ និងសុំបង់ថ្លៃចំណាយដោយខ្លួនឯង ប៉ុន្តែអ្នករិះគន់បាននិយាយថា នេះបង្ហាញពីគំនិតមិនល្អរបស់លោកស្រី។

លោកស្រី គ្រីស្ទីន ឡាមប្រេច បានលាលែងពីតំណែងនៅពេលដ៏ស្មុគស្មាញ្ ខណៈលោក អូឡាហ្វ សូល កំពុងតែប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងរឿងផ្តល់ជំនួយយោធារបស់អាល្លឺម៉ង់ ដែលយល់ព្រមឲ្យរថក្រោះចម្បាំងដល់អ៊ុយក្រែន។

រដ្ឋាភិបាលទីក្រុងប៊ែកឡាំង បានផ្តល់ការគាំទ្រផ្នែកយោធាយ៉ាងច្រើនដល់អ៊ុយក្រែនរួចមកហើយ ចាប់តាំងពីរុស្ស៊ី លើកទ័ពឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងដើមខែនេះ ដោយបានយល់ព្រមផ្តល់រថពាសដែកចំនួន៤០គ្រឿង និងមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន។

ប៉ុន្តែ​អ្នក​រិះគន់ ដែល​ខ្លះ​នៅ​ក្នុងរដ្ឋាភិបាលចម្រុះរបស់​អាល្លឺម៉ង់​ បាន​ចោទលោកអធិការបតីថា​ ជាមនុស្សស្ទាក់ស្ទើរ​ក្នុង​ការ​បង្កើន​ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។

ក្នុងនាមជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអតីតរដ្ឋមន្ត្រីសម្រាប់គ្រួសារ និងស្ត្រី លោកស្រី គ្រីស្ទីន ឡាមប្រេច ត្រូវបានគេគោរពក្នុងតួនាទីទាំងនោះ ប៉ុន្តែត្រូវបានគេមើលឃើញជាទូទៅថា ជាមនុស្សមានទំនាក់ទំនងខ្សោយបំផុតនៅក្នុងក្រសួងការពារជាតិ។

កាលពីខែមុន លោកស្រី គ្រីស្ទីន ឡាមប្រេច បានច្រានចោលការលើកឡើងថា រដ្ឋាភិបាលមានភាពយឺតយ៉ាវក្នុងការបង្កើនចំណាយសម្រាប់ជួយអ៊ុយក្រែន។

លោកស្រីបាន​និយាយ​ថា ក្រុមមន្ត្រីក្រសួងការពារពាតិបានដើរទៅ​មុខ​យ៉ាង​លឿន ប៉ុន្តែ​គម្រោង​បែប​នេះ​ត្រូវ​តែ​ជជែកគ្នាដោយ​ប្រុង​ប្រយ័ត្ន ព្រោះនេះ​ជា​ប្រាក់​បានមកពីការបង់ពន្ធរបស់ប្រជាជនអាល្លឺម៉ង់៕