(រាជធានីភ្នំពេញ)៖ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. កាលពី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានធ្វើជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល និងធ្វើជាវាគ្មិនផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីឯកឧត្ដម លោក លោកស្រី ជាប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ចំនួនប្រមាណ ១០០នាក់។
ប្រធានបទដែលលើកយកមកធ្វើបទបង្ហាញនាព្រឹកនេះមានដូចខាងក្រោម៖
១. អនុក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាននិងការដកហូតម្ហូបអាហារ (វាគ្មិន ឯកឧត្ដម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប.)។
២. អនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា (វាគ្មិន លោក ផឹង វិរៈ ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.)។
៣. អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ (វាគ្មិន លោក ទុំ សំណាង ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេស និងសហការី)។
៤. ប្រកាសស្ដីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន (វាគ្មិន លោក ទុំ សំណាង ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេស និងសហការី)។
បន្ទាប់ពីបានបញ្ចប់ការធ្វើបទបង្ហាញរួចមក ក៏មានការចោទសួរជាសំណួរពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាប្រធាន/អនុប្រធានសាខា និងការបកស្រាយពីឯកឧត្ដម លោក ជាវាគ្មិនផងដែរ។
អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ជាន់ថ្នាក់ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីច្បាប់ និងបទដ្ឋានគតិយុត្តក្រោមច្បាប់ ទៅតាមផែនការដែលបានគ្រោងទុក។