ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះឡើងវិញ លើសំណុំរឿងក្តីព្រហ្មទណ្ឌ របស់ស្ត្រីជាប់ចោទម្នាក់ ឈ្មោះ កឹម តុលា ជាអតីតមេឃុំជាប់ឆ្នោត និង ជាអតីតសកម្មជន នៃ គណបក្សសង្គ្រោះជាតិ ដែលត្រូវបាន តុលាការរាជធានីភ្នំពេញ កាលពីអំឡុងខែ សីហា ឆ្នាំ ២០២២ កាត់ទោស កំបាំងមុខ ដាក់ពន្ធនាគារ កំណត់ ១៨ ខែ ជាប់ពាក់ព័ន្ធនឹងការគៀងគរមហាជន ឱ្យប្រឆាំងនឹងអាជ្ញាធរ និង រាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្ត ចន្លោះឆ្នាំ ២០១៨ និង ២០២១។
សវនាការនេះ ត្រូវបានកាត់សេចក្តី ដោយលោកស្រី ជុំ សង្វា ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ និងមាន លោកព្រះរាជអាជ្ញារង សេង គឹមស្រ៊ុន គឺជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និង ត្រូវបានធ្វើដោយចំពោះមុខ ជនជាប់ចោទ និង មេធាវីការពារក្តី ព្រមានការចូលរួមតាមដានសង្គេតការណ៍ អំពីតំណាងអង្គការសង្គមស៊ីវិល និង ក្រុម អ្នកកាសែតផងដែរ។
លោកស្រីចៅក្រម ជុំ សង្វា បានអោយដឹងថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ កឹម តុលា ភេទស្រី អាយុ ៣៧ ឆ្នាំ (ជាអតីតមេឃុំត្រែង ត្រយឹង) មានទីលំនៅ មុខចាប់ឃុំខ្លួន ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារកំណត់ ១៨ ខែ ក្រោមការចោទប្រកាន់ពីបទ:«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចន្លោះឆ្នាំ ២០១៨ និង ២០២១។
លោកស្រីចៅក្រម បានថ្លែងថា: សាលាដំបូងរាជធានី ក៏បានចេញដីកា បង្គាប់ឱ្យស្វែងរកតាមចាប់ខ្លួន ជាប់ចោទឈ្មោះ កឹម តុលា ផងដែរ។
លោកចៅក្រមបានបញ្ជាក់ថា: ក្រោយមក បន្ទាប់ពី ជនជាប់ចោទត្រូវតាម សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន តាម អំណាចរបស់សាលក្រមតុលាការកំបាំង កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២, ជនជាប់ចោទ ក៏បានប្តឹងជំទាស់នឹង សាលក្រមកំបាំងមុខរបស់ខ្លួន និង ស្នើសុំឱ្យ តុលាការ ធ្វើការជំនុំជម្រះ រឿងក្តីរបស់ខ្លួន សារជាថ្មីឡើងវិញ។
នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ កឹម តុលា ដែលមានវត្តមាន នៅក្នុងបន្ទប់សវនាការ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការថា: ខ្លួនមិនដឹង ឬ បានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់គាត់នោះទេ។
កឹម តុលា និយាយថា: ខ្លួន ក៏មិនធ្លាប់មានទំនាក់ទំនង ឬ ទាក់ទងគ្នា ប្រព័ន្ធអេឡិចត្រូនិច តេឡាក្រាម ឬ ហ្វេសប៊ុក ជាមួយ ឈ្មោះ ឡាញ់ ថាវរី ឬ មុិច ហ៊ាង ឬ ជនជាប់ចោទ ដទៃទៀត ដែលមានឈ្មោះ នៅក្នុងសំណុំរឿងក្តីនេះទេ។
កឹម តុលា បានសំណូមពរ ដល់លោកស្រីចៅក្រមជំនុំជម្រះ មេត្តា សម្រេច ផ្តល់យុត្តិធម៌ ដល់រូបគាត់ ដោយសម្រេច ទម្លាក់បទចោទប្រកាន់គាត់ ខាងលើ , បដិសេធសាលក្រមកំបាំងមុខ ដែលបានកាត់ទោសគាត់ ជាប់គុក ១៨ ខែ និង សម្រេចដោះលែងរូបគាត់ អោយមានសេរីភាពវិញ។
បន្ទាប់ពីបញ្ចប់សវនាការជំនុំជម្រះ ពេញមួយព្រឹកមក, លោកស្រីចៅក្រម ជុំ សង្វា បានសម្រេចលើកពេលប្រកាសសាលក្រម ទៅធ្វើ នៅថ្ងៃ ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។
យោងតាមឯកសាររបស់ តុលាការ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ មាន
ជនជាប់ចោទទាំង៧នាក់។ ពួកគេទាំង ៧នាក់ ខាងលើនេះ មានឈ្មោះ ទី១- ឈ្មោះ ឡុង រី, ទី២-ម៉ែន សុថាវរិន្ទ ,ទី៣-ឈ្មោះ ម៉ន ផល្លា, ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់, ទី៥-ឈ្មោះ គឹម តុលា, ទី៦-ឈ្មោះ ឡាញ់ ថាវរី, និង ទី៧-ឈ្មោះ ម៉ិច ហ៊ាង។
នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានឈ្មោះ ឡុង រី, ឈ្មោះម៉ែន សុថាវរិន្ទ ,ឈ្មោះម៉ន ផល្លា, ឈ្មោះម៉ោញ សារ៉ាត់, -គឹម តុលា, និង ឈ្មោះ ឡាញ់ ថាវរី ត្រូវបានតុលាការសម្រេច ផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ១៨ ខែ ក្រោមការចោទប្រកាន់ពីបទ: « ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ចំណែកឯ ជនជាប់ចោទ ឈ្មោះ ម៉ិច ហ៊ាង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ត្រូវផ្ដន្ទាទោស ដាក់គុក កំណត់ ៣ ឆ្នាំ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺ: «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងចំណោមពួកគេទាំង៧នាក់ , ជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង រស់នៅ ភូមិទួលខ្សាច់ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឈ្មោះ ឡាញ់ ថាវរី ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ឈ្មោះ កឹម តុលា ត្រូវបានចាប់ឃាត់ និង ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស (ម២) នៅក្នុងរាជធានីភ្នំពេញ
ចំណែក ឯជនជាប់ចោទ០៤នាក់ទៀត ដូចមានឈ្មោះខាងលើ ត្រូវបានរត់គេចខ្លួន៕
ដោយ: ទេព ច័ន្ទ