(ប៉េកាំង, ចិន)៖ នាថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន, ឯកសារកិច្ចព្រមព្រៀងសំខាន់មួយ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។
ឯកសារកិច្ចព្រមព្រៀងនោះគឺ៖ ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤ ដែលចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ភាគីកម្ពុជា) និង លោក វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ភាគីចិន)។
សូមបញ្ជាក់ជូនថា ក្រៅពីឯកសារកិច្ចព្រមព្រៀងនេះ ក៏នៅមានឯកសារកិច្ចព្រមព្រៀងចំនួន ១១ ផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខានាឱកាសនោះដោយថ្នាក់ដឹកនាំកំពូលនៃក្រសួង-ស្ថាប័នរបស់ភាគីទាំងពីរផងដែរ៕